ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្ដរក្សាបាននូវភាពស្ងប់ស្ងាត់ ជុំវិញជំនួបកំពូល រវាងមេដឹកនាំអាមេរិក-កូរ៉េខាងត្បូង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានរក្សាភាពស្ងប់ស្ងាត់ ចំពោះលទ្ធផល នៃកិច្ចប្រជុំកំពូលកាលពីសប្តាហ៍ មុនរវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពេលមានសំណួរអំពីថា តើក្រុងព្យុងយ៉ាង នឹងមានប្រតិកម្មយ៉ាងណា ចំពោះឆន្ទៈរបស់លោក បៃដិន ក្នុងការទាក់ទងការទូត ជាមួយប្រទេសនេះ។

នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) មេដឹកនាំទាំងពីរ បានឯកភាពគ្នាធ្វើការទូត ជាមួយកូរ៉េខាងជើង ដើម្បីធ្វើការឆ្ពោះទៅ រកការរំសាយ អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

នៅក្នុងនោះដែរ មេដឹកនាំទាំងពីរ ក៏បានបញ្ជាក់ជាថ្មីផងដែរថា កិច្ចពិភាក្សានឹងត្រូវបានជំរុញដោយផ្អែកលើកិច្ចព្រមព្រៀងមុនៗ រួមទាំងកិច្ចព្រមព្រៀងសិង្ហបុរីឆ្នាំ២០១៨ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

លោក បៃដិន ក៏បានប្រកាសអំពីការជ្រើសរើស លោកស៊ុង គីម ដែលជាអតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាប្រេសិតពិសេសសម្រាប់កូរ៉េខាងជើង ដែលជាសកម្មភាពមួយ ដែលត្រូវបានគេមើលឃើញថា ជាសញ្ញាបង្ហាញថាទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនសម្រាប់កិច្ច ពិភាក្សាជាមួយក្រុងព្យុងយ៉ាង ។

គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង រួមទាំងកាសែត Rodong Sinmun និងទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរក្សាភាពស្ងៀមស្ងាត់ ចំពោះកិច្ចប្រជុំកំពូល ចុងក្រោយនេះរវាងកូរ៉េខាងត្បូង និងអាមេរិក។

កាសែតផ្លូវកូរ៉េខាងជើង KCNA បានយករបាយការណ៍ ស្តីពីគម្រោងដាំដើមឈើមួយនៅភាគពាយ័ព្យ នៃទីក្រុង Samjiyon ហើយកាសែត Rodong Sinmun ដែលជាកាសែតផ្លូវការ របស់គណបក្សកាន់អំណាចខាងជើង ក៏បានរាយការណ៍អំពីការខិតខំប្រឹង ប្រែងកំចាត់មេរោគដែរ ប៉ុន្តែមិនបាននិយាយ អំពីកិច្ចប្រជុំកំពូលនេះទេ ៕

ដោយ ឈូក បូរ៉ា

To Top