ភ្នំពេញ៖ លោក គឹម សន្តិភាព បានច្រានចំពោះការលើកឡើងថា ក្រសួងយុត្តិធម៌បានលក់សៀវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌក្នុងតម្លៃ ១០០ដុល្លារ។ លោកថា ក្រសួងពុំដែលមានយន្តការណាមួយ បោះពុម្ពសៀវភៅនេះដើម្បីលក់នោះទេ ហើយក្រសួងក៏បានចែកចាយ ទៅមន្រ្តីអនុវត្តច្បាប់ និងគ្រូបង្រៀនដោយមិនគិតថវិកា ។
ការថ្លែងបដិសេធរបស់លោកនេះ ក្រោយពីលោកមេធាវី កង ឬទ្ធិគីរី បានលើកឡើងដោយភ្ជាប់ការសរសេរថា “ទិញពីក្រសួងយុត្តិធម៌នាថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងតម្លៃ១០០ដុល្លារ” ។
ក្រសួងយុត្តិធម៌បានសោកស្តាយ ចំពោះការផ្សព្វផ្សាយដោយគ្មាន ការទទួលខុសត្រូវក្នុងនាម លោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងស្នើលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៤ ឧសភា លោក គឹម សន្តិភាពបកស្រាយថា “ការផ្សព្វផ្សាយរបស់លោកមេធាវី លើករណីទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ ១០០ដុល្លារក្នុង ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មក លើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ពុំដែលមានយន្តការណា មួយបោះពុម្ពសៀវភៅនេះដើម្បីលក់នោះទេ ។ រឿងលោកទិញសៀវភៅពីបុគ្គល ណាមួយនោះជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ” ។
លោកបន្តថា សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌បានបោះពុម្ពផ្សាយ តែម្តងគត់ក្នុងអំឡុងឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេស ដោយឥតគិតថ្លៃដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនរួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយ សៀវភៅនេះបន្តទៀតទេ ។
លោកថា ជំនួសឲ្យការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ ដោយគ្មានការគិតថ្លៃនោះឡើយ ៕