កីឡា

រដ្ឋមន្រ្តីទេសចរណ៍ ៖ ម៉ារ៉ាតុង ក្លាយជាដែក ឆក់ថ្មីអាចទាក់ទាញ ទេសចរជាតិ-អន្ដរជាតិ រាប់ម៉ឺននាក់

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកព្រឹត្តិការណ៍ រត់ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ជាដែកឆក់ថ្មី នៃផលិតផលទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ ក្នុងពេលតែមួយ ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសទេសចរណ៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងអបអរសាទរ ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅប្រាសាទបាយ័ន លោក ថោង ខុនបានថ្លែងថា ព្រឹត្តិការណ៍ដ៏មាន សារៈសំខាន់នេះ ពិតជានាំមកនូវកាលានុវឌ្ឍភាពថ្មីៗ សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម ដោយកម្ពុជាកំពុងតែបន្ដរស់ នៅក្នុងសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសំបូរសប្បាយ ពេញផ្ទៃប្រទេស ។

លោកបន្តថា “ខ្ញុំពិតជាមានមោទនភាពណាស់ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានក្លាយជាដែកឆក់ថ្មី នៃផលិតផលទេសចរណ៍ ច្នៃបង្កើតថ្មីមួយដ៏មានសារៈសំខាន់ រួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរ៉ាប់ម៉ឺននាក់ ក្នុងរយៈពេលតែមួយ” ។

លោកឲ្យដឹងទៀតថា ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែង ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីសម្រេចគោលដៅ កំណើនទេសចរអន្ដរជាតិ ដល់៧លាននាក់ក្នុងឆ្នាំ២០២០ខាងមុខ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងនៅមុខអង្គរវត្ត គឺមានកំណើនអ្នកចូលរួមរហូតដល់ ១២,១៧៥នាក់មកពី៨៥ប្រទេស លើពិភពលោក កើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៨ ។ ក្នុងនោះអ្នករត់ ២១គីឡូម៉ែត្រ មានចំនួន ៣,០៧៩នាក់ , អ្នករត់ ១០គីឡូម៉ែត្រ មានចំនួន ៥,០២៩នាក់ , អ្នករត់ ៥គីឡូម៉ែត្រមានចំនួន ១,៨០៤នាក់ និងអ្នករត់ ៣គីឡូម៉ែត្រ មានចំនួន ២,២៦៣នាក់ ។ ចំពោះជនបរទេសចូលរួមច្រើនជាងគេ មានជនជាតិអង់គ្លេសឈរលេខ១ , ជប៉ុនឈរលេខ២ , អាមេរិកឈរលេខ៣ , អូស្ដ្រាលីឈរលេខ៤ និង បារាំងឈរលេខ៥៕ ដោយ៖ធី លីថូ

To Top