ព័ត៌មានអន្តរជាតិ

ចិន អញ្ជើញរដ្ឋមន្ត្រីការបរទេស អឺរ៉ុប ឲ្យមកធ្វើទស្សនកិច្ច ក្នុងដំណើរ ជំរុញការទូត

បរទេស៖ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីស្លង់ ប៉ូឡូញ ហុងគ្រី និងស៊ែប៊ី នឹងធ្វើ ទស្សនកិច្ចប្រទេសចិន ចាប់ពីថ្ងៃសៅរ៍ទៅ ក្នុងសញ្ញាមួយនៃការជំរុញពង្រឹង ចំណងការទូតជាមួយ អឺរ៉ុប ក្រោយសន្ធិសញ្ញាវិនិយោគបានជាប់គាំង។

រដ្ឋសភាអឺរ៉ុបនៅក្នុងខែនេះ បានផ្អាកការផ្តល់សច្ចានុម័ត លើសន្ធិសញ្ញាវិនិយោគមួយជាមួយចិន ប្រសិនបើទីក្រុងប៉េកាំងមិនដកទណ្ឌកម្មលើអ្នកនយោបាយសហភាពអឺរ៉ុប ធ្វើឲ្យមានការជាប់គាំងកាន់តែខ្លាំង ក្នុងចំណងមិត្តភាពចិននិងអឺរ៉ុប និងរារាំងក្រុមហ៊ុនសហភាពអឺរ៉ុបមិនឲ្យចូលទៅវិនិយោគក្នុងប្រទេសចិនបានច្រើន។

តាមសេចក្តីរាយការណ៍ ទណ្ឌកម្មរបស់ទីក្រុងប៉េកាំង គឺជាការឆ្លើយតបមួយ ចំពោះទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលដាក់លើមន្ត្រីចិន ដោយចោទប្រកាន់ពីបទឃុំខ្លួនជនជាតិភាគតិច Muslim Uyghurs ជាច្រើននាក់ នៅក្នុងប្រទេសចិនភាគពាយព្យ។

នៅថ្ងៃសុក្រនេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់សន្និសីទកាសែតនៅក្នុងទីក្រុងប៉េកាំងថា រដ្ឋមន្ត្រីការបរទេសទាំង៤រូបនោះ នឹងមកធ្វើទស្សនកិច្ចប្រទេសចិន ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែឧសភា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី៕
ប្រែសម្រួល៖ប៉ាង កុង

To Top