ភ្នំពេញ ៖ នៅទីបំផុតសេចក្តី ព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ដែលគ្រោងចំណាយ ជាង៨ពាន់លានដុល្លារ ត្រូវបានសមាជិកព្រឹទ្ធសភា លើកដៃអនុម័ត ជាឯកច្ឆន្ទហើយ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយសំឡេង៥៨លើ៥៨ ។
ការអនុម័តសេចក្តី ព្រាងច្បាប់នេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា មានការចូលរួមពីសមាជិកសរុបចំនួន៥៨។
បើតាមរបាយការណ៍ របស់លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបានឲ្យដឹងថា តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ អាចសម្រេច បានកំណើន៧,១% ធៀបនឹង ៧,៥% ក្នុងឆ្នាំ២០១៨ ។ ដោយឡែកកំណើននេះ ត្រូវបានព្យាករណ៍នឹងថមថយមកក្នុងអត្រា ៦,៥% ឆ្នាំ២០២០ ធ្វើឲ្យផលិតផល ក្នុងស្រុកសរុប (ផសស) តាមថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១១៩,០៣៤ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩,៣៦២ លានដុល្លារ ហើយផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងកើនឡើងដល់ ១,៨១៦ ដុល្លារ ធៀបនឹង១,៦៧៩ ដុល្លារ ក្នុងឆ្នាំ២០១៩ ។
ប្រភពបន្តថា ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិត្រូវបានគ្រោងប្រមាណ៣៣,៣ ទី្រលានរៀល សមមូលនឹងប្រមាណ៨,២ ប៊ីលានដុល្លារស្មើនឹង ២៨,០១% នៃផសស និងមានកំណើន ២២,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៩ ។ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋត្រូវបានគ្រោងប្រមាណ ១៩,៨ ទ្រីលានរៀល សមមូលនឹងប្រមាណ ៤,៩ ប៊ីលានដុល្លារត្រូវជា១៦,៦៥% នៃផសស និងមានកំណើន ១០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៩ ។
របាយការណ៍ឲ្យដឹងទៀតថា គម្រោងចំណាយបន្ទុកបុគ្គលិកសរុបនៃថវិការដ្ឋឆ្នាំ២០២០ នឹងមានទំហំប្រមាណ ៩,១ ទ្រីលានរៀល សមមូលនឹងប្រមាណ ២,២ ប៊ីលានដុល្លារត្រូវជា៧,៦៨% នៃផសស ឬស្មើនឹង ៤៦,១១% នៃចំណាយចរន្តថវិការដ្ឋ ។ ទំហំចំណាយបន្ទុកបុគ្គលិកនេះ ឃើញថយចុះ ដោយសារការផ្ទេរការកត់ត្រាប្រាក់សោធននិវត្តន៍ ចូលជាប្រភេទអត្ថប្រយោជន៍សង្គម នៃចំណាយមិនមែនបន្ទុកបុគ្គលិក ឲ្យស្របតាមឧត្តមានុវត្តជាអន្តរជាតិ ៕ ដោយ ស សំណាង