ព័ត៌មានជាតិ

៤ខែ ឆ្នាំ២០២១ ស៊ីម៉ាក់ រំដោះផ្ទៃដីចម្ការមីន បានជាង៣៥លានម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចមីន ចោលជាង១ម៉ឺនគ្រាប់

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ២០២១នេះ អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់ជាង៣៥.៦៥២.០០០ម៉ែត្រក្រឡា ស្មើនឹង ៩៤,១៣% ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ ប្រភេទសរុបចំនួន ១៥.៣៤៨គ្រាប់ ។

នៅព្រឹកថ្ងៃទី៣១ ឧសភានេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា បានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី វឌ្ឍនភាពការងារខែឧសភា និងការអនុវត្តផែនការ ជាអាទិភាពរបស់អង្គភាព CMAC សំរាប់ខែមិថុនា ២០២១ តាមប្រព័ន្ធវីឌីអូ (Zoom)។

វឌ្ឍនភាព៤ខែ (មករា-មេសា) ក្នុង ឆ្នាំ២០២១នេះ CMAC សម្រេចបានលទ្ធផល ប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពការរាតត្បាត នៃជំងឺកូវីដ១៩នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈដែលគំរាមកំហែង ដល់សុខភាពសាធារណៈ និងកិច្ចប្រតិបត្តិការ របស់CMAC យ៉ាងណាក្តី។

លោក ហេង រតនា បញ្ជាក់ថា «លទ្ធផលប្រតិបត្តិការក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ អង្គភាពCMACធ្វើការរំដោះផ្ទៃដីចម្ការមីន ចម្ការគ្រាប់សរុបចំនួនជាង ៣៥.៦៥២.០០០ម៉ែត្រក្រឡា ស្មើនឹង៩៤,១៣% នៃផែនការ៤ខែ ឬស្មើនឹង៣១,៣៨% នៃផែនការប្រចាំឆ្នាំ២០២១ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ១៥.៣៤៨គ្រាប់» ។

លោកបន្ថែមថា ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ៥.៨១៨លើក ស្មើនឹង ១៩៨.៧៣៧ខ្នងផ្ទះ៕

To Top