ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា បើគ្មានការលះបង់គ្រប់បែប យ៉ាងរបស់វីរជន ដើម្បីសង្គ្រោះជាតិពីរបប ប៉ុល ពត នោះទេ ប្រហែលប្រជាពលរដ្ឋ កំពុងរស់ដោយការភ័យខ្លាច និងគ្មានឡើយ សូម្បីតែសិទ្ធរក្សាជីវិត ។
តាមរយៈគេហទំព័រ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «បើគ្មានការលះបង់គ្រប់បែបយ៉ាងរបស់វីរជនយើង ដើម្បីសង្គ្រោះជាតិ ពីរបប ប៉ុល ពត នោះទេ យើងប្រហែលកំពុងរស់នៅ ដោយការភ័យខ្លាច និងគ្មានសូម្បីតែសិទ្ធរក្សាជីវិត កុំថាឡើយ សិទ្ធិរៀប អាពាហ៍ពិពាហ៍ សិទ្ធិមើលថែទាំកូនចៅ សិទ្ធិមើលថែទាំឪពុកម្តាយ សិទ្ធិប្រកាន់យកជំនឿ សាសនា សិទ្ធិសិក្សារៀនសូត្រ និងសិទ្ធិរស់រាន ដោយសុខសាន្ត»។
សូមរំលឹកថា ការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» របស់ខ្មែរអ្នកស្នេហាជាតិ ដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំង វីរជនស្នេហាជាតិជាច្រើរូបទៀត ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ជាងនេះទៅទៀត មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុង ប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជា ក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិ របស់ខ្លួនឡើងវិញ៕