ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើង នៅញូវសឺឡេន អ្នកស្លាប់៥នាក់ តែអាចនឹងបន្តកើនឡើង បន្ថែមទៀត

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែធ្នូនេះ បានសរសេរថាមកដល់ពេលនេះ មនុស្ស៥នាក់ ត្រូវបានគេអះអាងថា បានបាត់បង់ជីវិត នៅក្នុងហេតុការ ផ្ទុះភ្នំភ្លើងមួយ នៅកោះWhite Islandរបស់ប្រទេសញូវសឺឡេន ស្ថិតនៅឈូងសមុទ្រខាងកើត នៃកោះ Plenty ភាគខាងជើង កាលពីថ្ងៃចន្ទ ហើយសង្ស័យថានឹងអាច មានចំនួនអ្នកស្លាប់ និងរបួសកើនច្រើនជាងនេះផងដែរ។

គួរឲ្យដឹងដែរថា ជនរងគ្រោះទាំង៥នាក់ ស្ថិតក្នុងចំណោម អ្នកដែលត្រូវបានគេ ជួយសង្គ្រោះមុននេះ ដោយបន្ថែមថាមនុស្សជាង១០នាក់ បានបាត់ខ្លួននៅលើកោះទេសចរណ៍ មួយនេះនៅឡើយ។

កម្លាំងការពារជាតិញូវសឺឡេន ដែលហៅកាត់ថា NZDF បានបញ្ជូនបុគ្គលិក និងក៏ដូចជាយន្តហោះ P-3K2 Orion ឧទ្ធម្ភាគចក្រ NH90 ចំនួន ២គ្រឿង និងនាវាកងទ័ពជើងទឹក HMNZS Wellington ផងដើម្បីចេញជួយដល់ ប្រតិបត្តិការជួយសង្គ្រោះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានដកស្រង់ សម្តីនាយករដ្ឋមន្រ្តីលោក Jacinda Ardern ដែលបាននិយាយថាមនុស្ស ប្រហែល១០០នាក់ រួមទាំងជនបរទេស បានមានវត្តមាន នៅលើឬនៅជុំវិញកោះ ក្នុងពេលភ្នំភ្លើងផ្ទុះ៕

ប្រែសម្រួល:ស៊ុនលី

To Top