ព័ត៌មានជាតិ

អូស្រ្តាលី​ ផ្តល់បរិក្ខារការពារខ្លួនបន្ថែម ដល់ក្រុមងាយរងគ្រោះ សម្រាប់បង្ការជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានផ្តល់បរិក្ខារការពារខ្លួនបន្ថែម ដល់ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមងាយរងគ្រោះ រួមទាំងជនមានពិការភាព ព្រមទាំងអ្នករស់រានមានជីវិត ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ មានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីឌ-១៩ ដោយសារតែលទ្ធភាពទទួលបាន ព័ត៌មាននិងបរិក្ខារការពារខ្លួន មានកំណត់»។

អូស្រ្តាលី កំពុងជួយក្រុមងាយរងគ្រោះទាំងនេះ ហើយថ្មីៗនេះ បានផ្តល់ម៉ាស ៣០០ ០០០ម៉ាស ទឹកលាងដៃ ១៣ ០០០ដប និងសាប៊ូ ១០០ ០០០ដុំ ដល់អ្នកផ្តល់សេវា មន្ត្រីប៉ូលីស ស្ត្រីនិងកុមារី នៅទូទាំងខេត្តចំនួន៦ ។ ការផ្តល់ជូននេះ គឺស្ថិតក្នុងការរួមចំណែកផ្តល់បរិក្ខារការពារខ្លួន ដែលអូស្រ្តាលី បានធ្វើ ដើម្បីគាំទ្រដល់ក្រុមងាយរងគ្រោះ នៅក្នុងពេលមានជំងឺរាតត្បាតនេះ។

សូមរំលឹកថា កាលពីសប្តាហ៍មុន ក្នុងពិធីប្រគល់បរិក្ខារការពារខ្លួន តាមអ៊ីនធឺណេតជាមួយលោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនារី ឯកអគ្គរាជទូតរង Luke Arnold មានប្រសាសន៍ថា ដោយមានកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រសួងកិច្ចការនារី សង្គមស៊ីវិល និងដៃគូពហុភាគី ប្រទេសអូស្ត្រាលី កំពុងជួយដាក់សិទ្ធិអំណាចស្ត្រីជាស្នូល នៃការឆ្លើយតប របស់ប្រទេសកម្ពុជា ចំពោះជំងឺរាតត្បាតនេះ ហើយក៏បានសង្ឃឹមថា ការចូលរួមផ្តល់អំណោយថ្មីក្រោយនេះ នឹងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងធានាថាស្ត្រីដែលងាយរងគ្រោះ រួមទាំងជនមានពិការភាព បន្តទទួលបានសេវា GBV ក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩នេះ៕

To Top