នយោបាយ

ឯកអគ្គរដ្ឋទូត អាមេរិក គាំទ្រសង្គមស៊ីវិល ធ្វើការលើបញ្ហា សិទ្ធិមនុស្ស នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវា សិទ្ធិមនុស្ស១០ ធ្នូ នេះ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy បានគាំទ្រសកម្មភាព របស់ក្រុមអង្គការ សង្គមស៊ីវិល ដែលធ្វើការងារលើផ្នែក សិទ្ធិមនុស្សនៅកម្ពុជា ។

តាមរយៈផេក របស់ទូតអាមេរិកបានឲ្យដឹងថា ជាការអបអរសាទរទិវាសិទិ្ធមនុស្ស លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបតំណាង នៃអង្គការអាដហុក លីកាដូ អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា មជ្ឈមណ្ឌលសង្គម និងអង្គការតម្លាភាពកម្ពុជា នៅសៀមរាប ។

ឱកាសនោះលោកទូត មានប្រសាសន៍ថា “ខ្ញុំមានមោទនភាព ក្នុងគាំទ្រសង្គមស៊ីវិល ដែលធ្វើការលើបញ្ហា សិទ្ធិមនុស្ស នៅកម្ពុជា” ។

តាមផេករបស់ទូតអាមេរិក បន្តថា ថ្ងៃនេះគឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ។ ទិវានេះត្រូវបានប្រារព្ធ ធ្វើរាល់ឆ្នាំ នៅថ្ងៃទី ១០ ខែធ្នូ ជាថ្ងៃដែលមហាសន្និបាត នៃអង្គការសហប្រជាជាតិ បានអនុម័តនៅឆ្នាំ ១៩៤៨ នូវសេចក្តីប្រកាស ជាសាកលស្តីពីសិទ្ធិមនុស្ស ដែលជាឯកសារប្រកាស ឲ្យប្រើប្រាស់សិទ្ធិ មិនអាចកាត់ផ្តាច់ចេញបាន ដែលមនុស្សគ្រប់គ្នា ត្រូវតែទទួលបានពីកំណើត គឺសិទ្ធិមនុស្សដោយមិនគិត ពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ភាសា គំនិតទាក់ទង នឹងនយោបាយឬរឿងផ្សេងទៀត ៕

To Top