ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ មានជំនឿថា ក្រុមហ៊ុនបូមប្រេងនៅកម្ពុជា នឹងមានវិធានការដោះស្រាយ តទៅមុខទៀត ជាក់ជាមិនខាន ក្រោយពីក្រុមហ៊ុន បានជួបប្រទះនូវបញ្ហាមួយចំនួន ។
យោងតាមការចេញផ្សាយរបស់ វិទ្យុអាស៊ីសេរី នាពេលថ្មីៗនេះបានឲ្យដឹងថា “ក្រុមហ៊ុនប្រេង គ្រីសអែណឺជី (KrisEnergy) ដែលកាលពីដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូង នៅកម្ពុជា ឥឡូវប្រកាសក្ស័យធនទៅហើយ ។ កាលពីថ្ងៃទី៤ ខែមិថុនា ក្រុមហ៊ុននេះ ថាខ្លួនគ្មានលទ្ធភាពសងបំណុលរួច ទើបប្រកាសក្ស័យធនបែបនេះ” ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ វិមាននយោបាយឈ្នះ-ឈ្នះ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ មានប្រសាសន៍ថា «ខ្ញុំមានជំនឿថា កិច្ចការទាំងអស់ជួនណា វាមិនមានភាពរលូនដូចធ្វើដំណើរ តាមថ្នល់កៅស៊ូទេ វាអាចមានរលាកនេះ រលាកនោះ គេនឹងមានវិធានការ ដោះស្រាយ តទៅមុខទៀតជាក់ជាមិនខាន» ។
ជាងនេះទៅទៀត សម្តេច ទៀ បាញ់ ក៏បានចាត់ទុកការរិះគន់ របស់ជនអគតិមួយចំនួន ជាពិសេស ពួកឧទ្ទាមក្រៅច្បាប់ថា គ្មានប្រយោជន៍ និងគ្មានហេតុផលអ្វីឡើយ ខណៈការរិះគន់របស់ពួកទាំងនោះ មានចេតនាចង់បំផ្លិតបំផ្លាញ សុខសន្តិភាព ប្រទេសកម្ពុជាដែលមានការរីកចម្រើន។
សម្ដេចបន្ដថា ពួកជនអគតិតែងតែបន្ទោសបង្អាប់ ប្រទេសកម្ពុជា ទោះបីកម្ពុជា មានការរីកចម្រើន ឥតឈប់ក៏ដោយ ដូច្នេះជារឿងធម្មតាហើយ របស់ក្រុមពួកជនអគតិទាំងអស់នោះ ។
ក្រោយកែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ វិមាននយោបាយ ឈ្នះ-ឈ្នះ និមិត្តរូបរួមនៃដំណក់ប្រេងដំបូង របស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា «បឋមតេលពិន្ទុកម្ពុជា» ។
បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុ ប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា» ។
សូមរំលឹកថា ដំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូប នៃភាពជោគជ័យ នៃវិស័យប្រេងកាត របស់កម្ពុជាដែរ ។ នេះជាសមិទ្ធផលថ្មីក្រោមម្លប់ នៃសន្តិភាពពេញលេញកើតចេញ ពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ៕