ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងការពារ រាជរដ្ឋាភិបាលកម្ពុជា លើការខ្ចីបំណុល របស់បរទេសថា មានគំនិតក្នុងការខ្ចី និងចេះគ្រប់គ្រង បំណុលហើយ ។
លោក សុខ ឥសាន តាមបណ្តាញសង្គម តេឡេក្រាម នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានថ្លែងថា “បំណុលកម្ពុជាខ្ចីបរទេស មានត្រឹមតែ២៣% នៃផលិតផល ក្នុងស្រុកសរុប (ផសស) អនុបាទគោល ៤០% បានន័យថា រាជរដ្ឋាភិបាលកម្ពុជា មានមាយាទក្នុងការខ្ចីបុលបរទេស និងគ្រប់គ្រងបំណុល បរទេសហើយ” ។
លោកថា ហានិភ័យបំណុល អន្តរជាតិរបស់កម្ពុជា មានកម្រិតទាប គឺជាការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ ។
បើតាមសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ មានចំនួន៧ជំពូក និង១៥មាត្រា គឺរាជរដ្ឋាភិបាល កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃ គូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត១៤០០លាន SDR ស្មើប្រមាណ ១៩២៧លានដុល្លារ ខណៈកំណើនសេដ្ឋកិច្ចនឹង ថយមកនៅត្រឹម៦,៥% ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ការខ្ចីនេះ នឹងមិនបង្កើត ជាបន្ទុកបំណុលវ័ណ្ឌករ ដល់កម្ពុជាទេ ៕