ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្ដពង្រីក ផលិតកម្មចិញ្ចឹមត្រីបន្ថែមទៀត ទាន់ឱកាសមាសមកដល់ ដើម្បីបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក។
ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «គាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋាន ត្រូវបន្តរក្សា ខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយ រដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិតស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារ សម្រាប់ការផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃ ហើយត្រូវបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតការងារ»។
លោកបន្ដថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការ នឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ ដើម្បីទទួលបានប្រយោជន៍រួម គឺនិរន្តរភាព នៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការ នាំចេញស្របតាមស្តង់ដាទីផ្សារជប៉ុនាពេលអនាគត។
ដោយឡែក លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm លើកឡើងថា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) ធ្វើឲ្យកសិដ្ឋានសម្រេចចិត្តដាក់ ទុនវិនិយោគសាងសង់រោងសិប្បកម្មកែច្នៃផលត្រី សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទំនើប AEON ភោជនីយដ្ឋាន សណ្ឋាគារផ្សេងៗទៀត ហើយអនាគតគ្រោង នឹងសហការជាមួយអង្គការទស្សនពិភពលោក (World Vision) ក្នុងភាពជាដៃគូភ្ជាប់ជាមួយកសិករចិញ្ចឹមផ្គត់ផ្គង់ឲ្យខ្សែច្រវាក់កែច្នៃ៕