បរទេស៖ ប៉ូលីសបរិស្ថានរបស់ថៃ នឹងពិនិត្យលើបណ្តឹងថ្មីប្រឆាំង នឹងសមាជិកសភា ២១ រូប, សមាជិកព្រឹទ្ធសភា ៥ រូប និងមន្ត្រីជាន់ខ្ពស់ ៤ រូប ជុំវិញការទន្ទ្រានយកដីព្រៃសាធារណៈ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងដែលបានប្តឹងកាលពីថ្ងៃម្សិលមិញ ជាមួយអង្គភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដោយលោក Atchariya Ruangrattanaphong ប្រធានក្លឹបជួយជនរងគ្រោះពីឧក្រិដ្ឋកម្ម។
លោក Atchariya បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីម្សិលមិញថា « អ្នកនយោបាយ និងអាជ្ញាធរជាន់ខ្ពស់ទាំងនេះ អាចនឹងទទួលបានដីខុសច្បាប់ តាមរបៀបដូចគ្នានឹងសមាជិកសភា របស់គណបក្ស Palang Pracharath គឺលោកស្រី Pareena Kraikupt បានធ្វើ។ សមាជិកសភាគឺជាសមាជិករបស់ទាំងរដ្ឋាភិបាល និងគណបក្សប្រឆាំង»។
ពួកគេរាប់បញ្ចូលទាំងសមាជិកសភា ដែលជាប់ជាមួយគណបក្ស Palang Pracharath, គណបក្សប្រជាធិបតេយ្យ, គណបក្ស Bhumjaithai, គណបក្សភឿថៃ និងគណបក្សអនាគតរ៉ុងរឿង ។
ចំណែកក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង ៥ រូប គឺម្នាក់ជាអតីតសមាជិកនៃក្រុមប្រឹក្សាកំណែទម្រង់ជាតិដែលត្រូវបានរំលាយបច្ចុប្បន្ន (NRC) រីឯ ៤ រូបទៀតជាមន្ត្រីជាន់ខ្ពស់៕
ប្រែសម្រួលៈ ណៃ តុលា