ព័ត៌មានជាតិ

ឆាយ សុផល ៖ សៀវភៅ ភរិយាបុរសខ្លាំង កម្ពុជា បង្ហាញជីវិតតស៊ូ ដែលយុវជន ជំនាន់ក្រោយ គួរយកគំរូតាម

ភ្នំពេញ ៖ ក្នុងនាមជាអ្នកតែង និពន្ធសៀវភៅ ក្រោមចំណងជើងថា “ភរិយាបុរសខ្លាំងនៃកម្ពុជា” លោក ឆាយ សុផល បានលើកឡើងពីវីរៈភាព របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបង្ហាញពីការតស៊ូ ក្នុងជីវិតពិតរបស់ឧត្តមភរិយាមេដឹកនាំកម្ពុជា ។ លោកថា គំរូដ៏ល្អរបស់សម្ដេចកិត្តិព្រឹទ្ធ គឺយុវជនជំនាន់ក្រោយ គួរតែយកគំរូតាម ។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោក ឆាយ សុផល បានថ្លែងថា មនុស្សគ្រប់គ្នាបានស្គាល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន្តែមានមនុស្សតិចតួច បានស្គាល់ពីដំណើរ ជីវិតរបស់សម្តេច តាំងពីនៅកុមារភាព ។

លោកបន្តថា “សៀវភៅនេះ បានឆ្លុះបញ្ចាំងអំពីជីវិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ដែលលោកបានឆ្លងកាត់កាលៈទេសៈដ៏លំបាក គ្រប់បែបយ៉ាង រហូតប្រទេសទទួល បានសុខសន្តិភាពទាំងស្រុង នាពេលបច្ចុប្បន្ន ។ ពោលគឺសៀវភៅរៀបរាប់ចាប់តាំង ពីលោកនៅកុមារភាព ជាទ័ពព្រៃដៃកាន់កាំភ្លើង យាមយប់យាមថ្ងៃ ដើម្បីការពារជំរុំលាក់ខ្លួន ជាគ្រូពេទ្យ ជាអ្នកទោស ដែលត្រូវបានកងកម្លាំងខ្មែរក្រហម តាមសម្លាប់ទាំងម្តាយ និងកូន រហូតលោកបានក្លាយ ជាមាតាមនុស្សធម៌ និងជាស្ត្រីទី១ នៃប្រទេស” ។

លោកបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឆ្លងកាត់សង្គ្រាម និងជាកងទ័ពរំដោះជាតិជាច្រើន ។ អ្វីកាន់តែអស្ចារ្យ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេះបាញ់កាំភ្លើង ជាច្រើនប្រភេទ រួមទាំងការបោកគ្រាប់បែកផងដែរ ។

អ្នកនិពន្ធសៀវភៅរូបនេះបន្ថែមថា ហើយនេះទំនងមានតែសម្តេច តែមួយរូបគត់ដែលជាភរិយាថ្នាក់ដឹកនាំ កំពូលកម្ពុជា និងនៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ដែលស្ទើរមួយជីវិតធ្លាប់ បានឆ្លងហែលជីវិត លំបាកគ្រប់រស់ជាតិ ផ្អែម ល្វីង ជូរចត់ ទុក្ខសោក ក្នុងវាលវដ្តសង្សារ ទម្រាំបានមកដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា សៀវភៅនេះ មានចំនួនជាង៣០០ទំព័រ បោះពុម្ពចំនួន៣ម៉ឺនច្បាប់ សម្រាប់ដាក់លក់នៅតាមបណ្ណាគារធំៗ ព្រមទាំងនៅ Monument Book នៅផ្សារទំនើបអ៊ីអន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។ សៀវភៅនេះ ក៏មានចែកជូនសាកលវិទ្យាល័យ និងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុងផងដែរ ដើម្បីឲ្យជនរួមជាតិ បានអានជាពុទ្ធិ ជំនួយស្មារតី ៕ ដោយ៖ធី លីថូ

To Top