បរទេស៖ សេតវិមានអាមេរិក នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាមេរិកនិងបណ្តាប្រទេស G7 បានចាប់ផ្តើលពិចារណា ក្នុងការប្រើប្រាស់កញ្ចប់មូលនិធិ ប្រមាណជា ១០០ពាន់លានដុល្លារពី IMF ដើម្បីយកទៅជួយដល់បណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាព ខូចខាតខ្លាំងដោយសារកូវីដ។
បញ្ហាមួយនេះបានក្លាយទៅជា ប្រធានបទនៅលើតុពិភាក្សារបស់កិច្ចប្រជុំ G7 ដែលធ្វើឡើងឆ្នាំនេះក្នុងគោលបំណង ជុំរុញកំណើនសេដ្ឋកិច្ចសកលលោក ឡើងវិញក្រោយចប់កូវីដ។ កិច្ចប្រជុំនេះត្រូវបានចាប់ផ្តើម ដំណើរការរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃសុក្រ នៅក្នុងទីក្រុង Cornwall ប្រទេសអង់គ្លេស ។
សេតវិមានបានបន្តទៀតថា សហរដ្ឋអាមេរិកនិងមេដឹកនាំ G7 ទាំងអស់បានពិចារណាទៅលើ សំណើរដែលត្រូវបានគេដាក់ឈ្មោះថា Special Drawing Rights (SDR) ដើម្បីអាចធ្វើការផ្ទេរលុយជំនួយ ទៅដល់ប្រទេសដែលកំពុងត្រូវការបំផុត។
ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំ ឈានចូលមកដល់ថ្ងៃទី២ ទៅហើយប៉ុន្តែភាគីខាង IMF នៅមិនទាន់បានធ្វើការឆ្លើយតបណាមួយ អំពីការប្រកាសរបស់សេតវិមាន
អាមេរិកនៅឡើយទេ ៕
ប្រែសម្រួល៖ ស៊ុន លី