ភ្នំពេញ ៖ អ្នកពាក្យ ក្រសួងការពារជាតិ បានចាត់ទុកស្ថានទូតអាមេរិក ប្រចាំកម្ពុជា ព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការ ពិត នាំឲ្យល្អក់កករកាន់តែខ្លាំងឡើង ក្រោយពីចោទមន្ដ្រីយោធាកម្ពុជាថា ពុំផ្ដល់ភាពពេញលេញ ក្នុងដំណើរទស្សនកិច្ច របស់អនុព័ន្ធយោធាអាមេរិក ទៅកាន់មូលដ្ឋានសមុទ្ររាម។
តាមរយៈគេហទំព័ហ្វេសប៊ុក នាពេលថ្មីៗនេះ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថា «អនុព័ន្ធយោធារបស់ ស្ថានទូតអាមេរិក លោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួលជាមួយ អាជ្ញាធរកម្ពុជា ធ្វើដំណើរទៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១១ មិថុនា។ ក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជា មិនអនុញ្ញាត ឲ្យ លោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ អ្នកនាំពាក្យ ក្រសួងការពារជាតិ ធ្វើការបំភ្លឺថា ក្រសួងការពារជាតិ បានយកចិត្តទុកដាក់រៀបចំឲ្យមានដំណើរទស្សកិច្ច ដូចបាន ពោលខាងលើ តាមសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសន្យាជាមួយ លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ មិថុនា និងស្របតាមសំណើ របស់អនុព័ន្ធយោធាអាមេរិកនៅកម្ពុជា។
អ្នកនាំពាក្យ បន្ដថា នៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមនេះ ក្រុមការងារសម្របសម្រួល បានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបានកំណត់ និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួន រួមមានជំនួបពិភាក្សាការងារ ដែលស្នើដោយភាគីអាមេរិក មានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មី២ខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវា របស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិ សន្តិសុខលម្អសមុទ្រ នៅកោះព្រាប។
អ្នកពាក្យ បន្ថែមថា តែទោះជាដូច្នេះក្តី ក្រៅពីទីកន្លែងទាំងប៉ុន្មានខាងលើ ដែលបានស្នើ និងបានឯកភាពគ្នា ភាគីអាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែលពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរព ចំពោះអធិបតេយ្យរបស់កម្ពុជា និងចេតនាធ្វើជាមិនយល់អំពីលក្ខណការណ៍របស់កងទ័ព ក្រុមការងារបានបដិសេធចំពោះសំណើថ្មីនេះ។ លើសពីនេះទៅទៀត អនុព័ន្ធយោធាអាមេរិក ហាក់ បង្ហាញអំពីភាពមានៈ នៅក្នុងការជម្នះចូលទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនត្រូវបានអនុញ្ញាត។
អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា «ផ្អែកលើកត្តាទាំងអស់ខាងលើ ក្រសួងការពារជាតិ ចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិត ដែលនាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើង ដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិ ចាត់ទុកចំណាត់ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចថា មានភាពត្រឹមត្រូវ និងប្រកបដោយ វិជ្ជាជីវៈ»។
ក្រសួងការពារជាតិ ក៏ស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗ ដែលនាំមកនូវភាពអវិជ្ជមាន និងសូមឱ្យគោរពដល់អធិបតេយ្យ និងលាក់ការណ៍កងទ័ព របស់ព្រះរាជាណាចក្រកម្ពុជា។ ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួងការពារជាតិនឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិសូមបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ព ដែលបានទទួលការអនុញ្ញាត គឺជាការធ្វើទស្សនកិច្ច ពុំមែនជាការទៅធ្វើការត្រួតពិនិត្យ ឬឆែកឆេរ នោះឡើយ។
សូមបញ្ជាក់ថា កន្លងទៅសារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។
សូមរំលឹកថា ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូង របស់កម្ពុជា តម្កល់ទុកនៅក្នុងសារមន្ទីរ នៃវិមានឈ្នះ-ឈ្នះ នាថ្ងៃទី៩ មិថុនា សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានបញ្ជាក់ថា ការចោទប្រកាន់មូលដ្ឋានទ័ពចិន នៅសមុទ្ររាម របស់កម្ពុជានោះ ទោះបីជាកម្ពុជាឆ្លើយតបយ៉ាងណាក៏ដោយ ក៏នៅតែលទ្ធផលដដែល ព្រោះថា មិនតាមបំណងប្រថ្នារបស់អាមេរិក។ ក្រោយពី សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះទៅទស្សនកិច្ច និងសិក្សា នៅតំបន់សមុទ្រគ្រប់ពេលវេលា៕