ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី កូរ៉េខាងជើង ត្រួតពិនិត្យសំណង់ ផ្ទះល្វែង ក្នុងទីក្រុងព្យុងយ៉ាង

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បាននិយាយថា មេដឹកនាំទីពីរ របស់កូរ៉េខាងជើង បានធ្វើការត្រួតពិនិត្យ ការដ្ឋានសំណង់ មួយកន្លែង សម្រាប់ផ្ទះល្វែងថ្មី ចំនួន១០.០០០ល្វែង នៅក្នុងទីក្រុងព្យុងយ៉ាង។

កាសែតបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍ នៅថ្ងៃសុក្រថា សំណង់គឺជាគម្រោង ដ៏សំខាន់មួយរបស់ផែនការ រយៈពេល៥ឆ្នាំរបស់ប្រទេសកូរ៉េខាងជើង ដែលអនុវត្តតាមការ សម្រេចចិត្តរបស់សមាជបក្ស លើកទី៨ ។

កាសែតដដែលនេះ បាននិយាយថា លោកនាយករដ្ឋមន្ត្រី កូរ៉េខាងជើង លោក Kim Tok Hun បានធ្វើការត្រួតពិនិត្យមើលសំណង់ និងបាននិយាយប្រាប់ ដល់កម្មករឲ្យអនុវត្ត តាមផែនការរដ្ឋ ដោយគ្មានការធ្វេសប្រហែស។

កាសែត Rodong Sinmun បាននិយាយយ៉ាងដូច្នេះថា “ចូរឲ្យយើងប្រឈមមុខ នឹងភាពលំបាករួម និងធ្វើការបន្តប្រយុទ្ធ ដើម្បីកសាងតំបន់ថ្មីមួយ សម្រាប់ប្រជាជន” និងថា ស្មារតីនៃការច្នៃប្រឌិត បានធ្វើឲ្យកម្មករអាចផ្លាស់ប្តូរស្រុក ឲ្យក្លាយជាតំបន់ដ៏ទំនើបមួយ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top