ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិកបានសម្រេចផ្ដាច់ជំនួយពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់នៅតែបន្តមានក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរមិនបានកាត់ទោសសមល្មមចំពោះបទល្មើសសត្វព្រៃ ។
ទោះបីផ្តាច់ជំនួយលើផ្នែកនេះ តែអាមេរិកនៅតែអះអាងថា នឹងបន្តជួយលើផ្នែកផ្សេងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយផ្នែកឯកជន ។
យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ អាមេរិកបានចំណាយថវិកាជាង១០០លានដុល្លារលើកម្មវិធីមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។
ស្ថានទូតបន្ដថា ថ្វីបើកម្ពុជាសម្រេចបានដំណើរចម្រើនទៅមុខខ្លះ ក្នុងការការពារបរិស្ថានក្តី តែអាមេរិក បានសម្តែងកង្វល់ម្តង ហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើដែលនៅតែមានច្រើនក្នុងតំបន់ការពារ ពិសេស នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើន។
ស្ថានទូតបញ្ជាក់ថា «យើងបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀតរវាងរដ្ឋាភិបាលកម្ពុជា សហគមន៍ មូលដ្ឋាន និងសង្គមស៊ីវិលដើម្បីរកដំណោះស្រាយដើម្បីការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក។ វាជាការគួរឲ្យស្តាយដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ»។
ស្ថានទូតបន្ថែមថា តាំងពីឆ្នាំ ២០១៦មក ទោះជាមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រង តំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែលនូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើ នៅទី នោះ។
ស្ថានទូតរៀបរាប់ថា “ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់នៅតែបន្តមានក្នុងនិងជុំវិញ ដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរកម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍ មូលដ្ឋាន និងសង្គមស៊ីវិលដែលជាដៃគូរបស់គេដែលបង្ហាញកង្វល់ដ៏សមហេតុផលលើការបាត់បង់ធនធានធម្មជាតិរបស់គេ” ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានលើកឡើងទៀតថា «ដោយសារមានបញ្ហាទាំងនេះដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយ អាមេរិក USAID ។ ជំនួយ របស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងារ របស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅនិងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន»។
ស្ថានទូតអះអាងថា អាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុដែលជាកង្វល់រួមទាំងអស់គ្នា និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈ កិច្ចសហការជាដៃគូរវាង សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ៕