ព័ត៌មានជាតិ

ទូតបារាំង នៅចំពោះមុខ សម្តេចតេជោ សរសើរថា កម្ពុជាគ្រប់គ្រង យុទ្ធសាស្រ្ត ជាក់លាក់ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ក្នុងឱកាសចូលជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលចប់អាណត្តិ៤ឆ្នាំ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានកោតសរសើរថា កម្ពុជា ជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការ គ្រប់គ្រងយុទ្ធសាស្ត្រ ជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជា ពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ ។

លោកស្រីបន្តថា នេះជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលបារាំង ក៏ដូចវិស័យ ឯកជនបារាំង នៅបន្តនិងចូលរួមចំណែក ជាមួយកម្ពុជាជំរុញ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។ លោកស្រីបន្ថែមទៀតថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ និងការថែរក្សាសន្តិភាព នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកស្រីក៏បានអបអរសាទរសម្ដេចតេជោ ដែលបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង ប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់នៅកម្ពុជា ។ នេះជាសន្តានចិត្ត ទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរ គុណរដ្ឋាភិបាលបារាំងបានជួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័របានដើរតួរនាទីយ៉ាងសំខាន់ ចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។

សម្ដេចតេជោបន្តថា យុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ដែលរស់នៅកម្ពុជា មិនថា ជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា រដ្ឋាភិបាលបារាំង តែងតែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៨ មិថុនា កម្ពុជា បានចាក់វ៉ាក់សាំងឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេស ជាង៣លាននាក់ ហើយចំនួនទី៣លានដែលចំឈ្មោះពលរដ្ឋចាក់វ៉ាក់សាំងកូវីដ១៩នោះ សម្តេចតេជោ ក៏បានផ្តល់រង្វាន់លើកទឹកចិត្តនូវទឹកប្រាក់១០លានរៀលផងដែរ ក្រោយផ្តល់ជនទី១លាន និងទី២លាន នូវម្នាក់ៗ១០លានរៀលនាពេលកន្លងមក ៕

To Top