ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង គួរតែត្រៀមខ្លួនទាំងការសន្ទនា និងការប្រឈមមុខជាមួយអាមេរិក

ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានលើកឡើងថា ប្រទេសរបស់លោកគួរតែត្រៀមខ្លួនសម្រាប់ទាំងការសន្ទនាគ្នា និងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក ជាពិសេសដើម្បីប្រឈមមុខដាក់គ្នា ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កូរ៉េខាងជើង សម្រាប់ការអភិវឌ្ឍឯករាជ្យ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅពេលអង្គុយថ្ងៃទី ៣ នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការកណ្តាលលើកទី ៨ នៃគណបក្សពលករកូរ៉េលោក គីម ជុងអ៊ុន បានពិនិត្យនិងវាយតម្លៃការផ្លាស់ប្តូរសំខាន់ៗ ដែលបានកើតឡើងនាពេលថ្មីៗ នេះនៅលើឆាកនយោបាយអន្តរជាតិនិងបរិយាកាស ខាងក្រៅរបស់ប្រទេស និងធ្វើការវិភាគលម្អិតអំពី ទំនោរគោលនយោបាយរបស់រដ្ឋ បាលអាមេរិកឆ្ពោះទៅក្រុងព្យុងយ៉ាង។

លោកគីម “បានបញ្ជាក់យ៉ាងច្បាស់នូវយុទ្ធសាស្ត្រប្រឆាំង និងយុទ្ធសាស្ត្រសមស្រប និងទិសដៅសកម្មភាព” ដែលត្រូវរក្សានៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នាពេលខាងមុខហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីត្រៀមសម្រាប់ទាំងការសន្ទនា និងការប្រឈមមុខជាពិសេសដើម្បីត្រៀមលក្ខណៈពេញលេញ សម្រាប់ការប្រឈមមុខ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍របស់ខ្លួនសម្រាប់ការអភិវឌ្ឍឯករាជ្យ និងធានានូវបរិយាកាសសន្តិភាព និងសន្តិសុខរបស់រដ្ឋរបស់យើង”។

លោកក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីពង្រឹងបន្ថែមទៀតនូវទីតាំងយុទ្ធសាស្ត្រ និងតួនាទីសកម្មរបស់ប្រទេស និងបង្កើតបរិយាកាសខាងក្រៅអំណោយផលលើគំនិតផ្តួចផ្តើមរបស់ខ្លួនដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងស្ថិរភាពនៃស្ថានភាពនៅឧបទ្វីបកូរ៉េ។

របាយការណ៍បានឲ្យដឹងទៀងថា កិច្ចប្រជុំពេញអង្គក៏បានពិភាក្សាអំពីបញ្ហានៃស្ថេរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្រោមស្ថានភាពបច្ចុប្បន្ន។

លោកគីម ជុងអ៊ុន បានលើកឡើងថា “មន្ត្រីទាំងអស់គួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការផ្តល់ស្បៀងអាហារគ្រប់គ្រាន់ដល់កុមារនៃកម្រិតមត្តេយ្យ និងសាលាមត្តេយ្យដោយក្តីស្រឡាញ់ពិតប្រាកដរបស់ឪពុកម្តាយ”៕

ដោយ ឈូក បូរ៉ា

To Top