ភ្នំពេញ ៖ ប្រជាពលរដ្ឋ៤នាក់បានស្លាប់បន្តបន្ទាប់គ្នា ក្នុងរយៈពេលតែ១ថ្ងៃ ដោយសង្ស័យ ជាករណីពុលស្រាស ស្រាថ្នាំ ស្ថិតនៅភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃ១៩ មិថុនា ។
យោងតាមមន្ទីរព័ត៌មានខេត្តព្រៃវែងរាយការណ៍ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័តមានដែលលោកយកមកបង្ហោះក្នុងហ្វេសប៊ុក នារាត្រីថ្ងៃ២០ មិថុនាថា មានមនុស្ស៤នាក់ ស្លាប់ជាបន្តបន្ទាប់ សង្ស័យពុលស្រាសស្រាថ្នាំ។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ករណីសង្ស័យពុលស្រាសស្រាថ្នាំនេះកើតឡើងក្នុងភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង កាលពីថ្ងៃទី១៩មិថុនា ដោយជនរងគ្រោះទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។
លោកបន្តថា ក្នុងចំណោមជនរងគ្រោះទាំងអស់មានជនរងគ្រោះម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត ស្លាប់នៅផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំង៤នាក់នេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាលកំពុងស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ គ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារពួកគាត់សុទ្ធតែបានផឹកស្រាស ស្រាថ្នាំ ដូចគ្នា។
លោកស្រុកបញ្ជាក់ថា ទីតាំងផលិតស្រាស និងលក់ស្រាស ស្រាថ្នាំ ទាំងអស់ក្នុងតំបន់ ត្រូវបានបិទ ហើយមន្រ្តីជំនាញសុខាភិបាលក៏បានប្រមូលសំណាកគំរូស្រាសស្រាថ្នាំយកទៅពិនិត្យដែរ ។
ជាងមួយខែមកនេះ ករណីពុលស្រាសបានកើតឡើងនៅខេត្ត៣ ធ្វើឲ្យមនុស្សស្លាប់៣១នាក់ ក្នុងនោះស្រុកល្វាឯម ខេត្តកណ្តាល មាន១៤នាក់ ខេត្តកំពត១០នាក់ និងស្រុកក្រគរ ខេត្តពោធិ៍សាត់៧នាក់ ។ នេះបើតាមប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងក៏បានសំណូមពរកុំឲ្យពលរដ្ឋពិសាស្រាដែលបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ជាពិសេស ស្រាស ឬស្រាថ្នាំដែលយកមេតាណុលមកលាយតែម្តង៕