ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាបន្ដប្រឹងជម្នះគ្រប់ឧបសគ្គទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធ គ្រឿងញៀន(Videos)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កន្លងមក ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់ គ្រឿងញៀន ទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់សារធាតុញៀនថ្មីប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញាថយចុះនៅឡើយទេ ហើយបាននិងកំពុងរីករាលដាលគួរឲ្យព្រួយបារម្ភ។

សម្ដេចតេជោបន្ដថា ជាមួយគ្នានេះ ឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាចនៅក្នុងនិងក្រៅតំបន់ ពិសេសវិបត្តិដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ បានគំរាមកំហែង និងបង្កនូវផលលំបាកយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។ កត្តាទាំងអស់នេះបាននាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ»។

សម្ដេចតេជោថា ជាក់ស្ដែងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន១០ ៤៦១ករណី ត្រូវបានបង្ក្រាប ក្នុងឆ្នាំ២០២០ គឺបង្ក្រាបបានច្រើនជាងឆ្នាំមុនប្រមាណ ៦,៧៩% ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ចំនួន២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួនច្រើនជាងឆ្នាំមុនប្រមាណ៥,២៥% និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥គីឡូក្រាម ដែលបរិមាណនេះកើនឡើងប្រមាណ៥,១៦% បើប្រៀបធៀបទៅនឹងបរិមាណ ដែលចាប់យកបានក្នុងឆ្នាំមុន។

សម្ដេចតេជោ បន្ថែមថា ជាមួយគ្នានោះ ក៏នៅបានបន្តយ៉ាងសកម្មក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ គ្រឿងញៀន ដោយផ្តល់ការព្យាបាលនិងស្ដារនីតិសម្បទាដល់ពួកគាត់ទាំងនៅតាមសហគមន៍ និងនៅតាម មណ្ឌលបណ្តោះអាសន្នបានចំនួន ១៩ ៥៩៧ នាក់ រហូតធ្វើឲ្យពួកគេមួយចំនួនធំទទួលបានមកវិញនូវ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ចំណេះ និងជំនាញមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការប្រកបរបរ ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏សមរម្យនៅក្នុងសង្គមជាតិ។ សម្ដេចថា ទោះបីជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក៏ដោយ បញ្ហាគ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលបានគំរាមកំហែងដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមរបស់ជាតិ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន នូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លង ទៅនេះ៕

To Top