តេអេរ៉ង់៖ ប្រធានក្រុមអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ បានលើកឡើងថា វាដល់ពេលហើយសម្រាប់ភាគី ដែលចូលរួមក្នុងការចរចា ដែលមានគោលបំណងធ្វើឱ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ មានការសម្រេចចិត្តតឹងរ៉ឹង បន្ទាប់មានការពិភាក្សា“ គ្រប់គ្រាន់” ។
អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់លោក Abbas Araqchi បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន សភាប្រឹក្សាអ៊ិស្លាមជាផ្លូវការថា“ មានបញ្ហាមិនទាន់សម្រេចមួយចំនួន ដែលត្រូវបានគេធ្វើការចរចាបានគ្រប់គ្រាន់ ហើយវាដល់ពេលដែល ប្រទេសនានាត្រូវសម្រេចចិត្ត” ។
លោកបានបន្ថែមទៀតថា ទីក្រុងតេអេរ៉ង់ បានប្រកាន់យកនូវ“ សេចក្តីសម្រេចចិត្តដ៏តឹងរឹង” រួចហើយនៅពេលដែលខ្លួនសម្រេចចិត្ត ស្នាក់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដកខ្លួនជាឯកតោភាគីនៅខែឧសភា ឆ្នាំ២០១៨ ហើយបន្ទាប់មកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ឡើងវិញ។
លោកបានលើកឡើងថា វាគឺជាការសម្រេចចិត្តដ៏ធំ និងពិបាករបស់អ៊ីរ៉ង់ ដែលបានអនុញ្ញាតឱ្យមាន ការការពារកិច្ចព្រមព្រៀងនេះ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។
លោកបានបន្ថែមថា ឥឡូវនេះដល់ពេលដែលសមភាគីអ៊ីរ៉ង់ ត្រូវធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីកិច្ចប្រជុំ ៦ ជុំរបស់គណៈកម្មការចម្រុះ JCPOA ។
កាលពីថ្ងៃសៅរ៍អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា អ៊ីរ៉ង់នឹងមិនចរចាដោយគ្មានទីបញ្ចប់ឡើយ ហើយបានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលនូវ“ កេរ្តិ៍ដំណែលដែលបរាជ័យ” របស់លោកដូណាល់ត្រាំ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ បានឈប់អនុវត្តជាបណ្តើរៗ នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ JCPOA ចាប់ពីខែឧសភា ឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងការដកខ្លួន ចេញរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មឡើងវិញ ៕
ដោយ ឈូក បូរ៉ា