ភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវ នៃអង្គការ WWF-កម្ពុជា និងភាគីពាក់ព័ន្ធបានប្រទះឃើញ កូនផ្សោត ទើបកើតថ្មី មួយក្បាលទៀត នៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់អង្គការ WWF នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

តាមហ្វេសប៊ុកបន្តថា បន្ទាប់ពីបានប្រទះឃើញវត្តមាន កូនផ្សោតទើបកើតថ្មី ក្រុមការងារ បានធ្វើការអង្កេត ពីសកម្មភាពក្នុងក្រុម ហ្វូងផ្សោតធំ ដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វាផងដែរ ។ កូនផ្សោតនេះ មានអាយុប្រហែលជាមួយថ្ងៃ ហើយនៅក្នុងក្រុមហ្វូង ផ្សោតធំដែល មានចំនួន៧ក្បាល។
ប្រភពដដែលបញ្ជាក់ថា កូនផ្សោតនេះ គឺជាកូនផ្សោតទី១៣ ហើយ ដែលត្រូវបានកត់ត្រាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពី ខែមករា រហូតដល់ ខែធ្នូ នេះ ។ ក្នុងនោះកូនផ្សោតចំនួន៦ក្បាល ត្រូវបានកត់ត្រា កើតនៅខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួន៧ក្បាល ត្រូវបានកត់ត្រាកើត នៅខេត្តក្រចេះ។

សូមបញ្ជាក់ថា កូនផ្សោតកើតថ្មី និងកំណើនចំនួនសត្វផ្សោត គឺជាលទ្ធផលដែលឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែង រួមគ្នា នៃការអភិរក្ស សត្វផ្សោតទន្លេមេគង្គ រវាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល ខេត្តក្រចេះ និងស្ទឹងត្រែង អង្គការ WWF-កម្ពុជា សហគមន៍ និងដៃគូពាក់ព័ន្ធនានា៕
ដោយ៖ធី លីថូ
