បរទេស៖ កាលពីថ្ងៃចន្ទ ប្រទេស អ៊ីរ៉ាក់បានថ្កោលទោស ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតាមព្រំដែនស៊ីរី – អ៊ីរ៉ាក់ ដែលបានសម្លាប់យុទ្ធជនយ៉ាងតិច ៧ នាក់ និងបានជំរុញឱ្យមានការអំពាវនាវាឱ្យសងសឹកពីក្រុមប្រដាប់អាវុធអ៊ីរ៉ាក់។
យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការវាយឆ្មក់លើកទី ២ លើគោលដៅគាំទ្រអ៊ីរ៉ង់ ចាប់តាំងពីប្រធានាធិបតីអាមេរិក Joe Biden ចូលកាន់តំណែង ដែលមន្ទីរប៉ង់តាហ្គោនចាត់ទុកថា ជាការសងសឹកនោះ គឺបាននាំឱ្យមានការភ័យខ្លាចនៃ ការកើនឡើងភាពតានតឹងថ្មី រវាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ហើយបានកើតឡើង ទោះបីជាមានកិច្ចប្រឹងប្រែងដើម្បីស្តារ កិច្ចព្រមព្រៀងដ៏សំខាន់មួយស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ក៏ដោយ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Mustafa al-Kadhemi បានថ្កោលទោសការវាយប្រហារនេះថា ដោយគ្មានអៀនខ្មាស់ និងជា ការរំលោភ ដែលមិនអាចទទួលយក បានចំពោះអធិបតេយ្យភាព និងសន្តិសុខជាតិអ៊ីរ៉ាក់ ៕
ប្រែសម្រួលៈ ណៃ តុលា