ព័ត៌មានជាតិ

កូរ៉េខាងត្បូង នឹងអភិវឌ្ឍផលិត ប្រព័ន្ធការពារតាមបែប Iron Dome ដើម្បី ទប់ស្កាត់កាំភ្លើងធំ​ កូរ៉េខាងជើង

បរទេស៖ទីភ្នាក់ងារទិញឧបករណ៍ការពារជាតិបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្តនេះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវផែនការទិញប្រព័ន្ធស្ទាក់ចាប់កំាភ្លើងធំមានទំហំទឹកប្រាក់២,៦ពាន់លានដុល្លារ ដែលមានទម្រង់ស្រដៀងនឹងប្រព័ន្ធការពារ Iron Dome ដែលរចនាឡើងដើម្បីការពារកាំភ្លើងវាយប្រហារចម្ងាយឆ្ងាយនិងរ៉ុកកែតរបស់កូរ៉េខាងជើង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីចុងឆ្នាំមិញនេះ ផែនការការពារជាតិរបស់រដ្ឋាភិបាល បានស្នើឲ្យធ្វើការអភិវឌ្ឍផលិតប្រព័ន្ធការពារ Iron Dome តាមបែបកូរ៉េ ដែលអាចការពារទីក្រុងសេអ៊ូល និងទីតាំងសំខាន់ៗ។


គួរបញ្ជាក់ថា ផ្នែកដ៏ធំនៃតំបន់នៅជុំវិញទីក្រុងសេអ៊ូល ដែលជារដ្ឋធានីរបស់កូរ៉េខាងត្បូង គឺជាទីរស់នៅរបស់មនុស្សប្រមាណពាក់កណ្ដាល៥២លាននាក់ និងស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហារពីកាំភ្លើងបាញ់ចម្ងាយឆ្ងាយនិងប្រព័ន្ធបាញ់ពហុរ៉ុកកែតរបស់ប្រទេសកូរ៉េខាងជើង។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលកម្មវិធីទិញឧបករណ៍ការពារជាតិ DAPA បាននិយាយថា នៅថ្ងៃចន្ទនេះ គណៈកម្មការមួយដែលចូលរួមជាអធិបតីដោយរដ្ឋមន្ត្រីការពារជាតិ លោក Suh Wook បានធ្វើការអនុម័តគម្រោង ដែលត្រូវការរំពឹងថា នឹងចប់សព្វគ្រប់នៅឆ្នាំប្រមាណ២០៣៥ ក្នុងទំហំទឹកប្រាក់២,៦ពាន់លានដុល្លារ៕

ប្រែសម្រួល៖ប៉ាង កុង

To Top