ព័ត៌មានអន្តរជាតិ

ចិនជំរុញប្រទេសនានា ឲ្យសាងមហាកំផែងវ៉ាក់សាំង ប្រឆាំងមេរោគកូរ៉ូណា

បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី តាមសេចក្តីរាយការណ៍ នៅថ្ងៃសៅរ៍នេះ បានធ្វើការជំរុញសហគមន៍អន្តរជាតិ ឲ្យធ្វើការកសាងឡើងនូវមហាកំផែងនៃភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតឆ្លងនៃជម្ងឺកូវីដ១៩។

លោក វ៉ាង យី ដែលក៏ជាសមាជិកនៃក្រុមប្រឹក្សារដ្ឋផងនោះ បាននិយាយប្រាប់វេទិកាសន្តិភាពពិភពលោកលើកទី៩ ដែលប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យ Tsinghua University ក្នុងរដ្ឋធានីចិនថា “យើងគួរតែប្រឈមមុខនឹងភាពលំបាកដែលជិតមកដល់ទាំងអស់គ្នា”។

លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានមានប្រសាសន៍យ៉ាងដូច្នេះផងថា “អាទិភាពបន្ទាន់បំផុត គឺដើម្បីពន្លឿងការកសាងមហាកំផែងភាពស៊ាំ ដើម្បីជារបងការពារមេរោគ ដើម្បីឆ្លងផុតពីការរើសអើងនយោបាយ និងធ្វើសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺឆ្លងជាអន្តរជាតិ”។

គួរបញ្ជាក់ថា ប្រទេសចិន ជាទីដែលមេរោគកូរ៉ូណា បានបង្ហាញខ្លួនជាលើកដំបូងនៅទីក្រុងវូហាន កាលពីចុងឆ្នាំ២០១៩ បានធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងជាង៤៨០លានដូស ឲ្យទៅដល់ប្រទេសដទៃ។

តាមសេចក្តីរាយការណ៍ លោក វ៉ាង យី បានមានប្រសាសន៍ថា ចិននឹងរក្សាបន្តធ្វើការងារ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវភាពអាចរកបាននិងលទ្ធភាពអាចទិញបានថ្នាំវ៉ាក់សាំង នៅក្នុងបណ្ដាប្រទេសកំពុងតែអភិវឌ្ឍនានា៕ប្រែសម្រួល៖ប៉ាង កុង

To Top