បរទេស ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោកវ៉ាង វេន បាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិនិង ផលប្រយោជន៍ របស់ក្រុមហ៊ុន របស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់អាមេរិក ដើម្បីជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេស ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសនៅថ្ងៃទី ៩ ខែកក្កដាថា អាមេរិកបាន ដាក់អង្គភាពចំនួន ៣៤ ផ្សេងទៀតនៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ច របស់ខ្លួនដែលក្នុងនោះមានជាង ១០ មកពីប្រទេសចិន ។ ការដាក់ទណ្ឌកម្មត្រូវ បានគេរាយការណ៍ថា គឺដោយសារតែការរំលោភសិទ្ធិមនុស្ស និងការឃ្លាំមើលបច្ចេកវិទ្យាខ្ពស់ នៅក្នុងតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ របស់ប្រទេសចិន ។
ការសម្រេចរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកាលពីខែមុនថា ខ្លួនបានបន្ថែមក្រុមហ៊ុនចិនចំនួន ៥ បន្ថែមទៀតទៅក្នុង បញ្ជីខ្មៅជុំវិញការចោទ ប្រកាន់ពីការ បង្ខំឲ្យ ធ្វើការនៅស៊ីនជាំង ។ ការដាក់ចូលបញ្ជីខ្មៅនេះ បានបង្កើតឡើង ដើម្បីកម្រិតសមត្ថភាព របស់ក្រុមហ៊ុនក្នុងការទទួលបានទំនិញជាវត្ថុធាតុដើម សូហ្វវែរ និងបច្ចេកវិទ្យា ។
របាយការណ៍បានលើកឡើងថា សហរដ្ឋអាមេរិក បានគ្រោងនឹងបន្ថែមក្រុមហ៊ុនចិនចំនួន ១៤ ទៅក្នុងបញ្ជីអង្គភាព ជុំវិញការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ ភាគខាងលិចប្រទេសចិន៕ប្រែសម្រួលៈ ណៃ តុលា