ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនជាង៥ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំពឹងទុកថា នៅឆ្នាំ២០២០ខាងមុខ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនឡើង ជាង៥ពាន់លានដុល្លារ ខណៈ៩ខែឆ្នាំនេះ ភាគីទាំងពីរមានទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ។

បើតាមរបាយការណ៍ចុងក្រោយ ពីការិយាល័យស្ថិតិទូទៅ របស់វៀតណាម គិតត្រឹមរយៈពេល ៣ត្រីមាសដំបូង ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម បានឈានដល់ ៤ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាម ក្នុងទំហំទឹកប្រាក់ជាង៧២០លានដុល្លារ និងនាំចូលមកពីវៀតណាមវិញ ក្នុងទំហំទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ថ្លែងថា “ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលបានកំណត់កម្រិត ៥ពាន់លានដុល្លារ ឆ្នាំ២០២០។ ការពិតទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺអាចធំជាង៥ពាន់លានដុល្លារ រួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេង យើងក៏មានទំហំពាណិជ្ជកម្ម ដែលមិនមានចុះនៅក្នុងបញ្ជី ដូចជា ការនាំស្រូវទៅវៀតណាម ជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី” ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងថា នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ដូច្នេះ កម្ពុជា-វៀតណាម សហការគ្នារួមគ្នាគាំទ្រទៅវិញទៅមក ទាំងនៅកិច្ចប្រជុំនៅវៀតណាម និងកិច្ចប្រជុំនៅកម្ពុជា ដើម្បីទទួលបានភាពជោគជ័យ ឲ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ បានរីកចម្រើនឡើងថែមទៀត។

ចំណែក លោក ជឿង ហ័រប៊ិញ បានឲ្យដឹងថា វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២០ ហើយនឹងក្លាយទៅជា សមាជិកមិនអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ លោកស្នើសុំឲ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើន ខ្លាំងឡើងថែមទៀត ៕ ដោយ៖ អេង ប៊ូឆេង

To Top