ព័ត៌មានជាតិ

ត្មាត ១២១ក្បាល ត្រូវបានកត់ត្រា

ភ្នំពេញ ៖ អង្គការសមាគមអភិរក្ស សត្វព្រៃប្រចាំកម្ពុជា (WCS) បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមការងារអភិរក្សសត្វ ត្មាតកម្ពុជា បានកត់ត្រាសត្វត្មា ក្នុងពេលជំរឿនសត្វត្មាតកម្ពុជា ចំនួន១២១ក្បាល ក្នុងនោះ ត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ អង្គការ WCS បានរៀបរាប់ថា ការធ្វើជំរឿនសត្វត្មាត កម្ពុជាធ្វើឡើង ចំនួន៥ដង ក្នុង១ឆ្នាំ រួមមាន ៖ ថ្ងៃទី១០ មីនា ,ថ្ងៃទី១០ មិថុនា ,ថ្ងៃទី២០ ថុនា ,ថ្ងៃទី២០ កញ្ញា និងថ្ងៃទី២០ ធ្នូ ជារៀងរាល់ឆ្នាំ។

ដោយឡែក កាលពីថ្ងៃទី២០ ខែមិនថុនា ឆ្នាំ២០២១ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស ក្នុងទីតាំងអាហារដ្ឋានត្មាត ចំនួន៤ ដូចជា ៖ អាហារដ្ឋានត្មាតស្ថិតក្នុងដែន ជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ,អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ ,អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ និងអាហារដ្ឋានត្មាតដែន ជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

អង្គការ WCS បានបញ្ជាក់ថា «លទ្ធផល នៃការធ្វើជំរឿនសត្វត្មាត ទូទាំងប្រទេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជា បានកត់ត្រាវត្តមានសត្វត្មាតបាន ចំនួន១២១ក្បាល ក្នុងនោះ មានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល ។ ដោយឡែកលទ្ធផល នៃការធ្វើជំរឿន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងាររាប់ឃើញ សត្វត្មាត ចំនួន៨២ក្បាល ក្នុងនោះ មានត្មាតភ្លើង១៣ក្បាល ត្មាតផេះ៤២ក្បាល និងត្មាតត្នោត២៧ក្បាល»។

អង្គការ WCS បានបន្ដថា ការអង្កេតតាមដាន ពីប្រជាសាសន៍សត្វត្មាត ដែលជិតផុតពូជនេះ និងបន្តធ្វើជារៀងរាល់ឆ្នាំដើម្បីតាមដាននិន្នាការប្រជាសាស្រ្ត និងធ្វើឲ្យប្រសើរឡើង នូវសកម្មភាពអភិរក្ស។

សូមជម្រាបថា សមាសភាពក្រុមការងារ អភិរក្សសត្វត្មាតកម្ពុជា រួមមាន ក្រសួងបរិស្ថាន ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,អង្គការជីវិត សត្វស្លាបអន្តរជាតិ (BirdLife) ,អង្គការមូលនិធិសកល សម្រាប់ធម្មជាតិ (WWF) ,មជ្ឈមណ្ឌលអង្គរ ដើម្បីអភិរក្សជីវៈចម្រុះ(ACCB) ,អង្គការសមាគម អភិរក្សសត្វព្រៃ (WCS) ,អង្គការជីវិតធម្មជាតិកម្ពុជា (NLC) ,ក្រុមហ៊ុន Rising Phoenix អង្គការCBGA ,ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) ៕

To Top