ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្តវិធានការ សុខាភិបាល ធ្វើយ៉ាងណាកុំឲ្យកម្ពុជា ដើរហួសបន្ទាត់ក្រហម ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប នាំគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ទាំងអស់គ្នា ។
ថ្មីៗនេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបង្ហាញក្ដីកង្វល់ថា កម្ពុជាកំពុងឈាន ឆ្ពោះទៅរកការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងសហគមន៍ ដែលធ្វើឲ្យមូលដ្ឋាន សុខាភិបាលសាធារណៈ មិនអាចទ្រទ្រង់បាន ។ កត្តាទាំងនេះនឹងធ្វើឲ្យអត្រាមរណៈកាន់តែកើនឡើង ហេតុដូច្នេះហើយ បុគ្គលគ្រប់រូប ត្រូវតែចូលរួមអនុវត្ត ជាបន្ទាន់នូវវិធានការសុខាភិបាល ប្រកបដោយការទទួលខុសត្រូវ និងម៉ត់ចត់ ជាទីបំផុត ។
លោកស្រី ឱ វណ្ណឌីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា «ខ្ញុំតែងតែអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋយើង ឲ្យលោកយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការ ការពារខ្លួន ដោយការចូលរួមរបស់បុគ្គលគឺសំខាន់ ណាស់ ក្នុងដំណាក់កាលនេះ ។ ប្រសិនបើយើង ទាំងអស់គ្នា មិនរួមសាមគ្គីគ្នា មិនធ្វើសកម្មភាពអ្វីទេ ការឆ្លងរាលត្បាតនេះ វានឹងអាចហួសបន្ទាត់ក្រហម ខ្ញុំបាននិយាយហើយ យើងបច្ចុប្បន្នស្ថិតនៅបន្ទាត់ក្រហម»។
លោកស្រីបន្ដថា បើមិនចង់ឲ្យកម្ពុជា ហួសបន្ទាត់ក្រហមទេ ប្រជាពលរដ្ឋទាំងអស់ ត្រូវលិខិត អនុវត្តវិធានសុខាភិបាល ដើម្បីចូលរួមចំណែក បន្ថយល្បឿន នៃការចម្លងពីបុគ្គលមួយ ទៅបុគ្គលមួយ ។ លោកស្រី សង្កេតឃើញថា បច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួន នៅតែជួបជុំ និងរៀបចំពិធីផ្សេងៗ ។ ការបន្តសកម្មភាពនេះ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ។
លោកស្រីបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបត្រូវរួបរួមគ្នា ក្នុងការអនុវត្តវិធានការ សុខាភិបាល ដោយត្រូវទ្រាំ លំបាកនាពេលនេះ ដើម្បីកាត់ផ្ដាច់ការ ចម្លងជំងឺកូវីដ១៩ ពីបុគ្គលមួយ ទៅបុគ្គលមួយ ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ទៀតថា «ប្រសិនបើយើងមិនចង់ឆ្លងកាត់នូវ ដំណាក់កាលលំបាកទេ យើងត្រូវតែហ៊ានលំបាក ក្នុងដំណាក់កាលនេះ ដើម្បីយើងឈានទៅបង្ក្រាបការចម្លង ដែលកំពុងតែរាតត្បាត នាពេលបច្ចុប្បន្ននេះ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២,៧០០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៥៤,៤៨៩នាក់ និងស្លាប់ចំនួន៩៥៣នាក់៕
ដោយ ៖ អេង ប៊ូឆេង