បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានស្នើសុំឲ្យវៀតណាម ធ្វើតួនាទីមួយក្នុងការចាប់ផ្តើមសារជាថ្មី នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេស កូរ៉េខាងជើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយលោក Nguyen Phu Trong ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
មន្ត្រីនាំពាក្យវិមានខៀវ ប្រធានាធិបតីកូរ៉ខាងត្បូង លោកស្រី Park Kyung-mee បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាជាលើកដំបូង ចាប់តាំងពីលោក Nguyen Phu Trong បានឡើងកាន់តំណែងជាមេដឹកនាំ នៅក្នុងខែមករាមក។
លោក មូន ជេអ៊ីន បានសម្តែងការអបអរសាទរលោក Nguyen Phu Trong ចំណែកលោក Nguyen Phu Trong បានកោតសរសើរប្រទេសកូរ៉េខាងត្បូង សម្រាប់ការទទួលបានឋានៈជាប្រទេសអភិវឌ្ឍន៍ ដែលកំណត់ដោយសន្និសីទអង្គការសហប្រជាជាតិ ស្តីពីជំនួញនិងអភិវឌ្ឍន៍។
មេដឹកនាំកូរ៉េខាងត្បូង ក៏បានលើកឡើងពីបញ្ហាកូរ៉េខាងជើងផងដែរ ហើយកិច្ចការការទូតរបស់លោក មូន ជេអ៊ីន ជាមួយទីក្រុងព្យុងយ៉ាង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល៖ប៉ាង កុង