ព័ត៌មានជាតិ

WCS ជឿជាក់ថា ចំនួនសត្វខ្ទីងនៅកម្ពុជាកំពុងថយចុះ ខណៈទីជម្រករបស់វារងការបាត់បង់បន្ដិចម្ដងៗ

ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) បានជឿជាក់ថា ចំនួនសត្វខ្ទីងនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងថយចុះ ហើយទីជម្រកធម្មជាតិជាច្រើនកន្លែងរបស់វា រងការបាត់បង់បន្តិចម្តងៗ ជារៀងរាល់ឆ្នាំ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ អង្គការ WCS បានឲ្យដឹងថា សត្វខ្ទីង គឺជាថនិកសត្វ នៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហារដែលមានមាឌធំជាងគេ នៅក្នុងចំណោមពពួកគោសាទិស នៅលើពិភពលោក។ ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះ វាពុំសូវមានសត្រូវច្រើនទេ។

WCS បន្ដថា សត្វខ្ទីង មានវត្តមាននៅតាមតំបន់ដែលមានព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ ក៏ប៉ុន្តែ ចំនួនរបស់វាបានថយចុះជាង៨០ភាគរយ ក្នុងរយៈពេល១០០ឆ្នាំ ចុងក្រោយនេះ។ ចំនួនសត្វខ្ទីង នៅលើពិភព លោកបានថយចុះ ៩០ភាគរយ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី ២០មក។ សត្វខ្ទីងត្រូវបានកត់ត្រា នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ កត្តាគំរាមកំហែងដល់វត្តមានរបស់ខ្ទីង រួមមាន ៖ ការបាត់បង់ទីជម្រក ការប្រមាញ់យកស្នែង សាច់ និងផ្នែក ផ្សេងៗទៀត ព្រមទាំង ជំងឺឆ្លងពីសត្វស្រុកផងដែរ។

អង្គការ WCS ក៏បានបញ្ជាក់ទៀតថា «នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើននៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាង កើត ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងនៅ ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែអង្គការ WCS ជឿថាចំនួនរបស់វាមានតិចតួចណាស់និងកំពុងមានការថយចុះ។ ខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី (ខ្ទីងមួយហ្វូងអាចត្រូវការវាលស្មៅធំជាង ១៥០គីឡូម៉ែត្រក្រឡា) ក៏ប៉ុន្តែ ទីជម្រកធម្មជាតិជាច្រើនរបស់ខ្ទីងកំពុងតែរងការបាត់បង់បន្តិចម្តងៗជារៀងរាល់ឆ្នាំ»។

WCS បន្ថែមថា ជាក់ស្តែង ចំនួនសត្វខ្ទីងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បានថយចុះពី ៤៩៨ក្បាល ក្នុងឆ្នាំ ២០១០ មកនៅចំនួនតិចបំផុតនាឆ្នាំ ២០២០។ កិច្ចប្រឹងប្រែងរបស់ ក្រុមការងារ នៃអង្គការ WCS ដែលរួមមាន ៖ ក្រុមពង្រឹងការអនុវត្តច្បាប់ ក្រុមស្រាវជ្រាវសត្វព្រៃ និងក្រុមគាំទ្រសហគមន៍ សម្រេចបានជោគជ័យក្នុងផែនការសកម្មភាព អភិរក្សតាមរយៈសកម្មភាពការងារ សំខាន់ៗដូចជា ការល្បាតពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ការបរបាញ់ កម្មវិធីអប់រំ និងការល្បាតទប់ស្កាត់ការដាក់អន្ទាក់ ដែលសកម្មភាពទាំងអស់នេះត្រូវបានអនុវត្តព្រមគ្នា។

យោងតាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វខ្ទីងត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ «មានដោយក្រម»។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិកម្ពុជា មាត្រា៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំងឡាយណាដែលចាប់ដាក់អន្ទាក់ប្រមាញ់ ធ្វើឲ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១៥ លានរៀល ដល់១៥០ លានរៀល៕

To Top