នយោបាយ

អ្នកនាំពាក្យស្ថានទូតចិន ច្រានចោល ការចុះផ្សាយ ថា ក្រុម Hacker ចិន លួចទិន្នន័យទន្លេមេគង្គ ពីកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា បញ្ចេញមតិ ស្តីអំពីការផ្សព្វផ្សាយមិនពិត របស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនង រវាងចិននិងកម្ពុជា នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេស បានដកស្រង់ការចោទប្រកាន់ មិនសមហេតុផល របស់ក្រសួងយុត្តិធម៌ នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃ ពីការពិតថា “ក្រុម Hacker ចិន បានលួចទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាត ចំពោះការលើកឡើងខាងលើនេះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា «ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារ តាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធ អ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រឬអនុគ្រោះ ចំពោះការវាយប្រហាររបស់ក្រុម Hacker។ នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណេត ដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដាន ស្តាប់របស់ប្រទេសមួយនេះ សូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខ អ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិក ត្រូវបានបាត់បង់ យូរមកហើយ ប្រទេសនេះតែងពោលពាក្យ ចចាមអារ៉ាម ផ្ដេសផ្ដាស ចោរស្រែកចាប់ចោរ ញុះញង់គេឯងដូចក្នុង “រឿងនិទានព្រះភូសាថ្មី របស់ព្រះចៅអធិរាជ” ការប្រឌិតមិនពិតខាងលើនេះ ក្រៅពីកុហកខ្លួនឯង និងអ្នកដទៃគ្មានគុណតម្លៃអ្វីនោះទេ»។

ការផ្សព្វផ្សាយអត្ថបទនេះ គឺឈរទាំងស្រុង លើការប្រឌិតរបស់សហរដ្ឋអាមេរិក សុទ្ធសាធ មានចន្លោះប្រហោងយ៉ាងច្បាស់ លើភាពជាក់ស្តែង និងគំនិតឡូជីខល។

ក្នុងអត្ថបទរបស់ Reuters បានលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជា មិនបានឆ្លើយតបទេ នេះមិនមែនជាការពិត។ ស្ថានទូតចិនប្រចាំកម្ពុជា មិនដែលទទួលបាន ការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានេះទេ ប្រសិនជាយើងទទួលបានដំណឹង ក៏មិនខកខានឱកាស បញ្ជាក់ការពិត និង បង្ហាញពីភាពពិតជាក់ស្តែង ជូនមហាជនឱ្យបានជ្រាបដែរ។ សង្ឃឹមថា Reuters លើកក្រោយគោរពការពិត លើកកម្ពស់វិជ្ជាជីវៈ និងភាពម៉ឺងម៉ាត់ ក្នុងការរាយការណ៍។

សូមរំលឹកថា កាលពីថ្ងៃ ចន្ទសប្ដាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិក បានចេញសេចក្តីប្រកាសព័ត៌មាន របស់ខ្លួន ដែលបង្ហោះ នៅ លើ គេហទំព័ររបស់ក្រសួង ថាប្រទេសរងគ្រោះ ក្នុងយុទ្ធនាការលួច យកទិន្នន័យពី សំណាក់ជនជាតិចិន ៤ នាក់ ដែលមាន ៣នាក់ ជា មន្ត្រីស្ថាប័នរដ្ឋចិន មានដូចជា អាមេរិក អូស្ត្រាលី កម្ពុជា កាណាដា អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជា ដើម។ ការលួចនោះ មានទិន្នន័យ ពាក់ព័ន្ធនឹង អាកាស ចរណ៍ការពារជាតិអប់រំរដ្ឋាភិបាលសុខាភិបាល និងផ្នែកផ្លូវទឹកជា ដើម។

សេចក្តីសម្រេចនៃ ការចោទប្រកាន់ របស់ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា មុនឬក្រោយ ខែ មករា ឆ្នាំ២០១៨ សមាជិកនៃ បណ្តាញលួចនោះ បានជ្រៀតចូលលួច ក្នុងបណ្តាញរបស់ក្រសួងមួយនៅ កម្ពុជា ដែលក្រសួងយុត្តិធម៌អាមេរិក មិនបានបញ្ជាក់ឈ្មោះ នោះទេ។ ឯកសាររបស់អាមេរិកបញ្ជាក់ថា ការជ្រៀតចូលនោះ បានលួចយកទិន្នន័យ ទាក់ទងនឹងការ ពិភាក្សា គ្នា រវាង រដ្ឋាភិបាលចិននិងកម្ពុជា លើ ការប្រើ ប្រាស់ទន្លេ មេគង្គ៕

To Top