ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ អាមេរិក ស្នើឲ្យមន្ត្រីការទូតរុស្ស៊ី ២៤នាក់ ចាកចេញនៅត្រឹមថ្ងៃទី៣ ខែកញ្ញា

បរទេស៖ ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បានស្នើឲ្យមន្ត្រីការទូតចំនួន ២៤នាក់ ចាកចេញពីទឹកដីអាមេរិក យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែកញ្ញា ដោយសារតែការផុតកំណត់នៃទិដ្ឋាការ។

នៅក្នុងបទសម្ភាសន៍មួយ ជាំមួយកាសែត The National Interest មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Antonov បានមានប្រសាសន៍ប្រាប់ថា “យើងទទួលបានបញ្ជីឈ្មោះមន្ត្រីការទូត ២៤នាក់ ដែលត្រូវគេរំពឹងថា នឹងចាកចេញពីប្រទេស នៅមុនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ហើយពួកគេស្ទើរតែទាំងអស់ នឹងចាកចេញដោយគ្មានអ្នកចូលទៅជំនួសវិញ ព្រោះតែទីក្រុងវ៉ាស៊ីនតោន ធ្វើការរឹតបន្តឹងខ្លាំងឡើងនូវ ដំណើរការចេញទិដ្ឋាការ”។

លោក Anatoly Antonov បានមានប្រសាសន៍បន្តទៀតថា “កាលពីខែធ្នូឆ្នាំមិញ ក្រសួងការបរទេស បានបង្កើតជាឯកតោភាគី នូវកាលកំណត់រយៈពេល៣ឆ្នាំ លើរយៈពេលការងារសម្រាប់ បុគ្គលិករុស្ស៊ីនៅអាមេរិក ដែលតាមដែលយើងដឹង មិនមានអនុវត្តទៅលើប្រទេសដទៃ ណាមួយនោះទេ” ។

នៅក្នុងអំឡុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “កាលកំណត់រយៈពេល៣ឆ្នាំ លើសុពលភាពទិដ្ឋាការសម្រាប់រុស្ស៊ី វាមិនមែនជារឿងថ្មីនោះទេ នៅពេលដែលទិដ្ឋាការផុតកំណត់ បុគ្គលទាំងនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីប្រទេស ឬក៏ដាក់ពាក្យបន្ត ហើយនោះជាអ្វីដែលកំពុងធ្វើនៅទីនេះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top