ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ សីហា បានឲ្យដឹងថា ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។

រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃ កិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមប្រទេសមេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់មេគង្គ ដែលកាន់តែរស់រវើក ដោយគិតគូរពិចារណាទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីទាំងអស់ក៏ នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា ៕

To Top