ព័ត៌មានអន្តរជាតិ

វៀតណាម អនុញ្ញាតឱ្យអ្នកដែលបាន ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ពេញលេញ ចូលប្រទេស ធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ

បរទេស៖ ក្រសួងសុខាភិបាល ប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា អ្នកដែលបានចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ ពេញលេញ ដែលមកដល់ប្រទេសវៀតណាម គឺនឹងត្រូវចំណាយពេល៧ថ្ងៃ ក្នុងការដាក់ឲ្យ នៅដាច់ពីគេ (ចត្តាឡីស័ក) និងត្រួតពិនិត្យសុខភាព ខ្លួនឯង នៅសប្តាហ៍បន្ទាប់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកសារមួយ របស់ក្រសួងបាននិយាយថា អ្នកដែលចូលមកប្រទេសវៀតណាម ដែលមានវិញ្ញាបនប័ត្រ ត្រឹមត្រូវ ដើម្បីបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ជាមួយកម្រិតចុងក្រោយ ដែលបានផ្តល់ចន្លោះពី១៤ថ្ងៃទៅ១២ខែ មុនពេលមកដល់ហើយ បានធ្វើតេស្តអវិជ្ជមាន ចំពោះវីរុសកូរ៉ូណា ក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់ គឺនឹងត្រូវការតែទៅ នៅក្រោមការ ដាក់ឲ្យនៅដោយឡែកពីគ្នារយៈពេល ៧ ថ្ងៃ ជំនួសឱ្យ ១៤ ថ្ងៃ សម្រាប់ធម្មតា។

លើសពីនេះអ្នក ដែលឆ្លងមេរោគ Covid-19 និងមានវិញ្ញាបនបត្របញ្ជាក់ថា ពួកគេបានជាសះស្បើយ ពីជំងឺនេះក្នុងរយៈពេល ៦ខែចុងក្រោយនេះ ក៏នឹងកាត់បន្ថយរយៈពេល ដាក់ឲ្យ នៅដាច់ដោយឡែក ពីគេផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top