ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសានបានមានប្រសាសន៍ថា សភាសហរដ្ឋអាមេរិក បានធ្វើច្បាប់ ស្តីពី ប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្ម ក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា គឺមានតាំងពីយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញភាគីអាមេរិក រឹបអូសទ្រព្យសម្បត្តិ លុយកាក់ ឬបិទទិដ្ឋាកាមិនឲ្យ ចូលអាមេរិកទេ ។
សភាសហរដ្ឋអាមេរិក ដែលមានលោកតំណាងរាស្ត្រ Steve Chabot មកពីគណបក្សសាធារណរដ្ឋ និងលោក Alan Lowenthal មកពីគណបក្ស ប្រជាធិបតេយ្យ កំពុងឈានទៅអនុម័តច្បាប់ ស្តីពី ប្រជាធិបតេយ្យកម្ពុជា ដែលនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំង មកលើក្រុមមន្រ្តីកម្ពុជា ។ នេះបើតាមហ្វេសប៊ុក របស់លោក សម រង្ស៊ីនាថ្ងៃ៥ សីហា ។ លោក សម រង្ស៊ីថ្លែងថា “ក្រុមន្រ្តីជាន់ខ្ពស់កម្ពុជា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋ ស្លូតត្រង់ ។ លោក សម រង្ស៊ីបន្តថា មន្រ្តីជាន់ខ្ពស់កម្ពុជា បានយកលុយទៅដាក់នៅ ធនាគារអាមេរិក និងបើកអាជីវកម្មមួយចំនួននៅទីនោះផងដែរ ទើបធ្វើច្បាប់ដាក់ទណ្ឌកម្ម” ។
លោក សុខ ឥសាន បានថ្លែងតាមបណ្តាញ តេឡេក្រាម នាថ្ងៃ៦ សីហា ថា ការធ្វើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា គឺជាសិទ្ធិរបស់អ្នកធ្វើ ដែលលំអៀងខាង នយោបាយ ទៅរកអាយ៉ងរបស់ខ្លួន ។ ការធ្វើច្បាប់ប្រជាធិបតេយ្យកម្ពុជា មិនផ្សារភ្ជាប់នឹងសភាពការណ៍ ជាក់ស្តែងនៅកម្ពុជា ។
លោកថា “ចំពោះការធ្វើច្បាប់នេះ មានជាយូរមកហើយ តែមិនឃើញមន្ត្រីកម្ពុជា ណាម្នាក់ ត្រូវបានគេរឹបអូសលុយកាក់ និងបិទទិដ្ឋាកាចូល សហរដ្ឋអាមេរិកទេ” ។
ជាមួយគ្នានេះ លោកអះអាងថា អត់មានមន្ត្រីកម្ពុជាណាម្នាក់ល្ងង់ខ្លៅ យកលុយទៅទុក នៅក្រៅប្រទេស ដើម្បីទុកឲ្យគេរឹបអូស ឬបង្កកទេ។ ចំពោះទិដ្ឋាកាវិញ លោកថា បើអត់ទិដ្ឋាកាចូលអាមេរិក ក៏អត់មាននរណាម្នាក់ត្រូវស្លាប់ ដោយសារមិនបានជាន់ដី អាមេរិកដែរ ហើយអ្នករស់នៅអាមេរិក និងជាន់ដីអាមេរិករាល់ថ្ងៃ ក៏គ្មានជីវិតអមតៈដែរ ៕