ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាស៊ាន អនុវត្ដពហុភាគីនិយម និងសាមគ្គីភាព ដើម្បីរក្សាសន្ដិភាព និងស្ថេរភាពក្នុងតំបន់ (Video)

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន អនុវត្តពហុភាគីនិយម ពិតប្រាកដនិងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងរួមគ្នាឆ្លើយតបទៅនឹង បញ្ហាសន្តិសុខ រួមរបស់ភាគីទាំងអស់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ការអំពាវនាវនេះបានកើតឡើង នៅពេលដែលលោក វ៉ាង យី បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃវេទិកាតំបន់អាស៊ាន លើកទី២៨ តាមរយៈវីដេអូភ្ជាប់ ។

លោកវ៉ាង យី បានលើកឡើងថា តំបន់នេះគួរតែពង្រឹង ការការពារប្រឆាំងនឹងជំងឺកូវីដ-១៩ និងរួមគ្នាឆ្លើយតបទៅនឹង បញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាត។ លោកបានកត់សម្គាល់ថា រហូតមកដល់បច្ចុប្បន្ន ប្រទេសចិន បានផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដចំនួន៤៦០លានដូស ដល់បណ្តាប្រទេសអាស៊ី ដទៃទៀតរួមទាំង ចំនួនជាង ១៩០លានដូស ដល់ប្រទេសអាស៊ាន។

លោកបានអំពាវនាវឱ្យ ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរួមគ្នាឆ្លើយតបទៅនឹង បញ្ហាប្រឈមផ្នែកសន្តិសុខ ដែលមិនមែនជាប្រពៃណី ក៏ដូចជាបញ្ហាទាក់ទងនឹង អាកាសធាតុធ្ងន់ធ្ងរ ភេរវកម្មឧក្រិដ្ឋកម្ម ឆ្លងដែន និងសន្តិសុខ តាមអ៊ីនធឺណិត។

លោក វ៉ាង យី បានជំរុញឱ្យរក្សានូវភាពកណ្តាល នៃអាស៊ាន ដើម្បីរួមគ្នាប្រឆាំង ការប្រឈមមុខដាក់គ្នា ផ្នែកភូមិសាស្ត្រនយោបាយ។ លោកក៏បានជំរុញឱ្យ រារាំងមហាអំណាចធំៗ មួយចំនួន នៅក្រៅតំបន់ ពីការលើកកម្ពស់ យុទ្ធសាស្ត្រតំបន់ថ្មី។

លោកបានអះអាងថា “មិនគួរមានសាស្រ្តាចារ្យ ឬ អ្នកសង្គ្រោះទៀតទេ”។ វាសនារបស់ប្រទេសនីមួយៗ គួរតែស្ថិតនៅក្នុងដៃ របស់ប្រទេសទាំងនេះ ហើយអនាគតនៃតំបន់គួរតែ ត្រូវបានបង្កើតឡើង ដោយប្រទេសទាំងអស់ នៅក្នុងតំបន់” ។

លោកបានលើកឡើងថា បណ្តាប្រទេសអាស៊ាន គួរតែប្រកាន់ខ្ជាប់ នូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត និងរួមគ្នាឆ្លើយតបទៅនឹង បញ្ហាប្រឈម នៃនយោបាយអំណាច។ លោកបានបន្ថែមថា បណ្តាប្រទេសនានា មិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត ឬស្វែងរករបៀបវារៈ ភូមិសាស្ត្រនយោបាយ អាត្មានិយមរបស់ពួកគេ ក្រោមលេសប្រជាធិបតេយ្យ នោះទេ៕

ដោយ ឈូក បូរ៉ា

To Top