នយោបាយ

វិភាគ ៖ វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា កំពុងជាន់ដាន ប្រវត្តិសាស្ត្រចាស់

បច្ចុប្បន្នភាព

វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ដែលបានកើតឡើង ចាប់តាំង ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី កំពុងជាន់លើដាន ប្រវត្តិសាស្ត្រចាស់ ។

ទូរទស្សន៍ CNN បានផ្សព្វផ្សាយថា កាលពីថ្ងៃអាទិត្យ ទី៨ ខែសីហានេះ ក្រុមបាតុករ រាប់ពាន់នាក់ បានចេញធ្វើបាតុកម្ម នៅតាមទីក្រុងនានា នៅទូទាំងប្រទេសដោយស្រែកទាមទារ អោយកងកម្លាំងយោធារបបស់ប្រទេសនេះ សងបំណុលចាស់ ដែលខ្លួនបានធ្វើ ។

ក្រុមបាតុករ មីយ៉ានម៉ា ដែលបានចេញធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ គឺជាថ្ងៃគម្រប់ខួបទី៣៣ឆ្នាំ នៃការធ្វើ រដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ពីសំណាក់កងកម្លាំងយោធា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨កន្លងទៅ ។

ក្រុមបាតុករ បានសរសេរលេខ ៨៨៨៨ នៅលើប៉ាដាធំៗ និងកាន់ស្ទើរគ្រប់ដៃ ជាការរំលឹកដល់ ថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៨៨ ដែលកងកម្លាំងយោធា បានបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមបាតុករ បណ្តាលអោយក្រុមបាតុករ ប្រមាណជាង ៣០០០នាក់ បានបាត់បង់ជីវិត ។

ក្នុងក្បួនបាតុកម្ម កាលពីថ្ងៃអាទិត្យ ក្រុមបាតុករ នៅគ្រប់ទីកន្លែងទូទាំងប្រទេស បានស្រែកទាមទារប្រហាក់ប្រហែលគ្នាថា កងកម្លាំងយោធា ត្រូវតែសងបំណុលចាស់ ដែលខ្លួនបានសម្លាប់អស់ ប្រមាណជាង ៣០០០នាក់ កាលពីឆ្នាំ១៩៨៨កន្លងទៅ ។

ក្រុមបាតុករ បាននិយាយថា កងកម្លាំងយោធានៅតែបន្តកាន់ អំណាចបានយ៉ាងស្រួលក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ក្រោយពីបានសម្លាប់មនុស្ស អស់រាប់ពាន់នាក់ ហើយដល់ពេលនេះ ក៏កងកម្លាំងយោធានៅតែបន្តដើរតាមគន្លងចាស់ដដែល ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលស៊ីវិល និងយកអំណាចទៅក្តោបក្តាប់ តាមរយៈការកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង ប្រហាក់ប្រហែលនឹងកងកម្លាំងយោធា កាលពី៣៣ឆ្នាំមុន ។

សូមរំលឹកជូនថា ឆ្នាំ១៩៨៨ ក៏ជាឆ្នាំនៃការចាប់កំណើត នយោបាយគាំទ្រប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី នៅសហភាពមីយ៉ានម៉ាផងដែរ ដែលកាលនោះ លោកស្រី អ៊ុងសាន ស៊ូជី ទើបវិលត្រឡប់ មកកាន់ប្រទេសកំណើត របស់ខ្លួនពីបរទេស ។

កាលនោះ លោកស្រី អ៊ុងសាន ស៊ូជី បានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីមើលម្តាយឈឺធ្ងន់ និងជួនចំក្បួនបាតុកម្មទ្រង់ទ្រាយធំកំពុងផ្ទុះឡើង ហើយកងកម្លាំងយោធា កំពុងបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមបាតុករនៅទូទាំងប្រទេស ។

ស្របតាមកាលៈទេសៈ និងសមតាមគោលបំណង របស់ខ្លួន លោកស្រី អ៊ុងសាន ស៊ូជី ដែលជាកូនស្រីរបស់ឧត្តមសេនីយ៍ យោធា អ៊ុងសាន បានសម្រេចចិត្តចូលប្រឡូក ក្នុងក្បួនបាតុកម្មជាមួយក្រុមបាតុករ ផ្សេងទៀតនៅទូទាំងប្រទេស ។

មិនយូរប៉ុន្មាន លោកស្រី ស៊ូជី ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ ក្រុមបាតុករនៅទូទាំងប្រទេស រួមទាំងបានរៀបចំចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋកំពុងធុញ ទ្រាន់នឹងរបបសឹក ។

ចាប់តាំងពីពេលនោះមក លោកស្រី អ៊ុងសាន ស៊ូជី បានក្លាយជាមេដឹកនាំដ៏រឹងមាំ នៃចលនាទាមទារលទ្ធិប្រជាធិបតេយ្យ នៅសហភាពមីយ៉ានម៉ា និងបានទទួលពាន់រង្វាន់ជាច្រើន រួមទាំងពានរង្វាន់ណូបែលសន្តិភាព ពិភពលោកផងដែរ ។

លោកស្រី ស៊ូជី ក៏ជាមេដឹកនាំគណបក្ស នយោបាយដ៏ល្បីល្បាញនៅមីយ៉ានម៉ាផងដែរ ប៉ុន្តែមេដឹកនាំប្រឆាំងរូបនេះ មិនដែលបានដឹកនាំប្រទេស រយៈពេលយូរទេ គឺកងកម្លាំងយោធា តែងតែធ្វើរដ្ឋប្រហារ ឬមិនប្រគល់អំណាច អោយដោយចាប់ឃុំខ្លួន ។

កាលពីឆ្នាំ១៩៩០កន្លងទៅ លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជំនះក្នុងការបោះឆ្នោតម្តង រួចមកហើយ ប៉ុន្តែកងកម្លាំងយោធា មិនបានប្រគល់អំណាចអោយលោកស្រី ស៊ូជី ឬរៀបចំបង្កើត រដ្ឋាភិបាល ស៊ីវិលនោះទេ គឺកងកម្លាំងយោធា បានចាប់ឃុំខ្លួនមេដឹកនាំ បក្សប្រឆាំងរូបនេះអោយក្នុងផ្ទះ រយៈពេល២២ឆ្នាំ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា កំពុងវិលត្រឡប់ទៅរកដាន ប្រវត្តិសាស្ត្រចាស់វិញ ដោយសារមូលហេតុ សំខាន់២យ៉ាង គឺស្ថានភាពនយោបាយ នៅក្នុងប្រទេសនេះផ្ទាល់ និងការជ្រៀងជ្រែកពីខាងក្រៅ ។

បញ្ហាក្នុងប្រទេស គឺឧត្តមសេនីយ៍ មីន អ៊ុងលាំង ដែលជាមេទ័ពកំពូល នៅក្នុងប្រទេសនេះ ព្រួយបារម្ភពីការ បាត់បង់អំណាច ទើបធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និង យកអំណាចមកគ្រប់គ្រង ដោយខ្លួនឯង មុនពេលដែលខ្លួន ត្រូវអស់អំណាច ។

ច្បាប់យោធារបស់សហភាព មីយ៉ានម៉ា បានចែងថា អគ្គមេបញ្ជាការកងទ័ព ត្រូវចូលនិវត្តន៍នៅអាយុ ៦៥ឆ្នាំ ដោយផ្ទេរតំណែង របស់ខ្លួនអោយទៅអ្នកទទួល បន្ទុកបន្ទាប់ ហើយលោក មីន អ៊ុងលាំង មានអាយុ ៦៥ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២១នេះហើយ ។

ការជ្រើសមេទ័ពកំពូលថ្មី នឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខខាងយោធា និងប្រធានាធិបតី របស់ប្រទេសនេះ ដែលទាំង២ស្ថាប័ននេះ អាចនឹងជ្រើសរើសបុគ្គលផ្សេង ដែលមិនមែនជាមនុស្សស្និទ្ធ ជាមួយឧត្តមសេនីយ៍ មីន អ៊ុងលាំង ។

នេះជាមូលហេតុសំខាន់ក្នុងប្រទេស ដែលនាំអោយមានវិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា ចាប់តាំងពីខែកុម្ភៈរហូត ដល់ពេលបច្ចុប្បន្ននេះ និងមានកត្តារួមផ្សំផ្សេងទៀត ដូចជាការប៉ុនប៉ងបំបែកទឹកដី ពីសំណាក់ជនជាតិ ភាគតិចជាដើម ។

បញ្ហាខាងក្រៅ គឺសហរដ្ឋអាមេរិក បានជ្រៀងជ្រែកយ៉ាងខ្លាំង ក្នុងកិច្ចការផ្ទៃក្នុង របស់សហភាពមីយ៉ានម៉ា តាមរយៈការជួយឧបត្ថម្ភស្ទើរ គ្រប់បែបយ៉ាងដល់រដ្ឋាភិបាលស៊ីវិល ទាំងខាងសន្តិសុខ និងការពង្រីកឥទ្ធិពល របស់រដ្ឋាភិបាលស៊ីវិល ។

រដ្ឋាភិបាលស៊ីវិល មាននិន្នាការនយោបាយ ទោទន់ ទៅរកសហរដ្ឋអាមេរិកកាន់តែខ្លាំង និងមានឥទ្ធិពលកាន់តែខ្លាំង នៅក្នុងប្រទេស រួមទាំងការកាត់បន្ថយ ឥទ្ធិពលយោធា នៅក្នុងប្រទេសនេះ បន្តិចម្តងៗ តាមរយៈការធ្វើវិសោធនកម្មច្បាប់ ដែលទាំងនេះ គឺជាកត្តាខាងក្រៅ ដែលនាំអោយមាន វិបត្តិនយោបាយនៅ សហភាពមីយ៉ានម៉ា ៕
ដោយ ៖ អ៊ី ជិន

To Top