ព័ត៌មានអន្តរជាតិ

អេហ្ស៊ីបទទួលបាន ថ្នាំវ៉ាក់សាំងកូវីដ១៩ J&J ដំបូង

បរទេស៖ ក្រសួងសុខាភិបាលអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅថ្ងៃចន្ទនេះ អេហ្ស៊ីបទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដំបូងរបស់ខ្លួន ដោយបានចំនួន២៦១.៦០០ដូស ក្នុងកិច្ចសហការ ជាមួយ សហព័ន្ធអាហ្វ្រិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Khaled Megahed ជាជំនួយការរដ្ឋមន្ត្រីសុខាភិបាល ទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជាមន្ត្រីនាំពាក្យ ក្រសួងសុខាភិបាលអេហ្ស៊ីប បាននិយាយថា ថ្នាំវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ទាំងនោះ នឹងត្រូវចែកចាយទៅមជ្ឈមណ្ឌល ចាក់វ៉ាក់សាំង ចំនួន១២៦កន្លែង ជាពិសេសសម្រាប់អ្នកដែល ចង់ធ្វើដំណើរទៅបរទេស។

គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមធ្វើការផលិតក្នុងស្រុក នូវថ្នាំវ៉ាក់សាំង Sinovac តាមរយៈកិច្ចព្រមព្រៀងមួយ រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនផលិតផលជីវសាស្ត្រនិងថ្នាំវ៉ាក់សាំង Holding Company របស់អេហ្ស៊ីប។

ក្រៅពីនោះ ប្រទេសអេហ្ស៊ីប នាពេលកន្លងមកនេះ ក៏ទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnix ថ្នាំវ៉ាក់សាំង Sinopharm និងថ្នាំវ៉ាក់សាំង Oxford-AstraZeneca ដោយរួមទាំងតាមរយៈកម្មវិធី COVAX ដែលជាកិច្ចព្រមព្រៀងសកលមួយ បង្កើតឡើងដោយសម្ពន្ធភាពថ្នាំវ៉ាក់សាំង GAVI មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ និងអង្គការសុខភាពពិភពលោក សម្រាប់ការបែកចែកថ្នាំវ៉ាក់សាំងស្មើគ្នា៕

ប្រែសម្រួល៖ប៉ាង កុង

To Top