ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ បានដណ្តើមយក រដ្ឋធានីខេត្តទី ៦ របស់អាហ្វហ្គានីស្ថាន បានទៀតហើយ

បរទេស៖ ក្រុមតាលីបង់នៅថ្ងៃច័ន្ទ បានដណ្តើមយករដ្ឋធានីខេត្តទី ៦ របស់អាហ្វហ្គានីស្ថាន បានហើយ បន្ទាប់ពីការប្រយុទ្ធគ្នា កាលពីចុងសប្តាហ៍ នៅទូទាំងភាគខាងជើង របស់ប្រទេសនេះ ដែលបានឃើញមជ្ឈមណ្ឌល ទីក្រុង ធ្លាក់ចុះជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលតស៊ូ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Sefatullah Samangani អភិបាលរងខេត្ត Samangan បាននិយាយថា ក្រុមបះបោរបានចូលទៅក្នុងខេត្ត Aibak ដោយគ្មានការប្រយុទ្ធគ្នា បន្ទាប់ពីក្រុមអ្នកចាស់ទុំ សហគមន៍បានអង្វរដល់ មន្រ្តីឱ្យរំដោះទីក្រុងពីអំពើហឹង្សាបន្ថែមទៀត បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនសប្តាហ៍នៅជាយក្រុង។

លោក Samangani បានបន្ថែមថា “ អភិបាលបានទទួលយក និងដកកម្លាំងទាំងអស់ចេញពីទីក្រុងនេះ ដោយនិយាយថាពួកតាលីបង់ឥឡូវនេះ បានគ្រប់គ្រងទាំងស្រុង” ។ ចំណែកអ្នកនាំពាក្យ របស់ពួកសកម្មប្រយុទ្ធ តាលីបង់បានបញ្ជាក់ថា ទីក្រុងនេះត្រូវបានដណ្តើម យកហើយ។

ក្រុមបះបោរបានវាយដណ្តើម យកបានខេត្តចំនួន ៥ នៅទូទាំងភាគខាងជើង ដែលបង្កឱ្យមានការភ័យខ្លាចថា រដ្ឋាភិបាលកំពុងបាត់បង់ ការគ្រប់គ្រងតំបន់យ៉ាងឆាប់រហ័ស។ ពួកគេក៏បានដណ្តើមយកទីក្រុង Zaranj ជារដ្ឋធានីនៃខេត្ត Nimroz នៅភាគនិរតី៕

ប្រែសម្រួលៈ ណៃ តុលា

To Top