ព័ត៌មានអន្តរជាតិ

បេឡារុសបង្ហាញ ការមិនពេញចិត្តចំពោះ ឯកអគ្គរដ្ឋទូត អាមេរិកថ្មី

បរទេស៖បេឡារុស នៅពេលថ្មីៗនេះ បានបង្ហាញនូវការមិនពេញចិត្ត ចំពោះការតែងតាំងលោក Julie Fisher ឲ្យជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងបានបញ្ជាឲ្យស្ថានទូតអាមេរិកក្នុងទីក្រុង Minsk កាត់បន្ថយបុគ្គលិកអាមេរិក ឲ្យនៅតែ ៥នាក់ នៅត្រឹមខែកញ្ញា ជាការសងសឹកចំពោះទណ្ឌកម្មអាមេរិក ដែលដាក់កាលពីដើមសប្ដាហ៍នេះ។

ការបង្ហាញនូវការមិនពេញចិត្តនិង បញ្ជាឲ្យកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្នុងដំណើរឆ្លើយតបចំពោះសេតវិមាន ដែលដាក់ទណ្ឌកម្មរួមគ្នាជាមួយកាណាដានិងអង់គ្លេស លើប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃចន្ទ ដែលជាគម្រប់ខួបមួយឆ្នាំនៃលោកប្រធានាធិបតី Alexander Lukashenko ឈ្នះឆ្នោតអាណត្តិទី៦។

មន្ត្រីនាំពាក្យក្រសួងការបរទេសបេឡារុស លោក Anatol Glaz បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ការដកការពេញចិត្តដែលធ្លាប់ផ្តល់ឲ្យពីមុនចំពោះលោក Fisher ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះ គឺជាការឆ្លើយតបចំពោះទង្វើប្រកបដោយភាពអមិត្តនិងគឃ្លើនមិនធ្លាប់មាន។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតថា ក្រសួងការបរទេសបេឡារុស បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ខ្លួនមានពេលរហូតដល់ថ្ងៃទី០១ ខែកញ្ញា ដើម្បីកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតអាមេរិកក្នុងទីក្រុង Minsk ឲ្យនៅចំនួន៥នាក់ និងថា ខ្លួនបានដកការពេញចិត្តចំពោះលោក Fisher៕ប្រែសម្រួល៖ប៉ាង កុង

To Top