ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរកៀរគរ ពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយរាជរដ្ឋាភិបាល សម្រេចគោលដៅ ១០លាននាក់ ត្រឹមដើមខែវិច្ឆិកា

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានស្នើអាជ្ញាធរ ត្រូវកៀរគរប្រជាពលរដ្ឋមិនទាន់ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យមកចាក់គ្រប់ៗគ្នា ដើម្បីឈានទៅបើកដំណើរ ការឡើងវិញនូវ សង្គម-សេដ្ឋកិច្ច កម្ពុជា ។

យោងតាមលិខិត របស់ក្រសួង សុខាភិបាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ដើម្បីសម្រេចឲ្យបាននូវ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការ សម្រេចគោលដៅ ១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្ត ពួកគាត់ឱ្យមក ទទួលការចាក់វ៉ាក់សាំង កូរីដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាព ស៊ាំក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច នៅកម្ពុជា»។

សូមរំលឹកថា យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៩,០៤៤,៥៤៩នាក់ ៕

To Top