បរទេស៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយ នៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងមិនដួលរំលំ ដូចជាប្រទេសអាហ្វហ្គានីស្ថានទេ ក្នុងករណីមានការវាយប្រហារ ហើយនេះជាការផ្តល់ នូវការព្រមានដោយប្រយោល ចំពោះប្រទេសចិន មិនឲ្យគិតខុសថា ខ្លួនអាចដណ្ដើមយកកោះនេះបាន។
ការដួលរំលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្រោយការដកកងកម្លាំងទ័ពអាមេរិកចេញ និងការធ្វើដំណើរចាកចេញតាមយន្តហោះរបស់លោកប្រធានាធិបតី បានបណ្ដាលឲ្យមានការពិភាក្សាគ្នានៅតៃវ៉ាន់ ស្តីពីអ្វីដែលនឹងកើតមានឡើង ក្នុងករណីចិនធ្វើការឈ្លានពាន និងថាតើសហរដ្ឋអាមេរិក នឹងជួយការពារតៃវ៉ាន់ដែរឬទេ។
នៅពេលត្រូវគេចោទសួរថា តើប្រធានាធិបតី ឬក៏នាយករដ្ឋមន្ត្រី នឹងរត់ភៀសខ្លួនដែរឬទេ ប្រសិនបើពួកសត្រូវចូលមកដល់ទ្វាររបង ដូចជាអាហ្វហ្គានីស្ថាននោះ លោក Su Tseng-chang បានមានប្រសាសន៍ថា ប្រជាជនមិនខ្លាចការចាប់ខ្លួន ឬក៏ការស្លាប់ឡើង នៅពេលដែលតៃវ៉ាន់ បានក្លាយជារបបផ្តាច់ការ ស្ថិតក្រោមច្បាប់អាជ្ញាសឹក ពីឆ្នាំ១៩៤៩ដល់ឆ្នាំ១៩៨៧។
តាមសេចក្តីរាយការណ៍ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវតែការពារប្រទេសនេះនិងកោះនេះ និងកុំធ្វើដូចមនុស្ស ដែលតែងតែនិយាយអួតពីកិត្យានុភាពរបស់សត្រូវ និងនិយាយបន្តុះបង្អាប់ពីការតំាងចិត្តរបស់យើងនោះឡើយ”៕
ប្រែសម្រួល៖ប៉ាង កុង