ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍ កើនឡើងដល់កម្រិត១០ ចាប់ពីថ្ងៃ១៨-២៤ ខែសីហា ឆ្នាំ២០២១ ខាងមុខ (ចន្លោះម៉ោង១០ព្រឹក ដល់ ២រសៀល)។
យោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឲ្យឃើញថា «ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១ នឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល)»។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឲ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះសាធារណជនត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើនេះ។
ក្រសួងក៏បានបញ្ជាក់ថា «យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ»។
បន្ថែមនេះទៀត ក្រសួងធនធានទឹក បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕