ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បំពេញសំណុំឯកសារគ្រប់គ្រាន់ តាមច្បាប់ស្តីពី គណបក្សនយោបាយ បន្ទាប់ពីក្រសួងទទួលសំណើសុំចុះឈ្មោះ គណបក្សកែទម្រង់កម្ពុជា ក្នុងបញ្ជីគណបក្ស នយោបាយនៅ ក្រសួងមហាផ្ទៃ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ ស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្ស នយោបាយ ដោយពុំបានភ្ជាប់មកជាមួយ នូវឯកសារមួយចំនួន រួមមាន៖ សេចក្ដីសម្រេច បង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន, គោលនយោបាយ និងកម្មវិធីនយោបាយ សំខាន់ៗ របស់គណបក្ស និងលក្ខន្តិកៈគណបក្ស ពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ ។
ទន្ទឹមនេះ លក្ខន្តិកៈរបស់គណបក្ស មានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹង បទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ។
ផ្អែកលើមូលដ្ឋានដូចបានគូស បញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃ សូមស្នើឲ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការ កែសម្រួលខ្លឹមសារ ក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្ស នយោបាយឡើងវិញ ។ រីឯ លក្ខន្តិកៈគណបក្ស ដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និង ចុះហត្ថលេខា របស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ ដូចជា ៖ ទី១-សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន និងទី២-គោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត ៕