ភ្នំពេញ ៖ លោក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ និងបច្ចេកវិទ្យា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងសម្រួលដល់ជនបរទេស ដែលកំពុងជាប់គាំ ងនៅកម្ពុជា ដោយសារវិបត្តិជំងឺកូវីដ-១៩។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក Marc Thayre ឯកអគ្គរាជទូតអង់គ្លេសស្តីទី ប្រចាំកម្ពុជា បានស្នើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តជួយផ្តល់កិច្ចសហការ និងការសម្រួលផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពរបស់ពលរដ្ឋអង់គ្លេសនៅកម្ពុជា ពិសេសការជាប់គាំងក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ និងការផ្តល់ព័ត៌មានពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្ថានទូតយកទៅបន្តផ្សព្វផ្សាយជូនពលរដ្ឋរបស់ខ្លួន នៅក្រោយវិបត្តិកូវីដ-១៩ ជាដើម។
ជាការឆ្លើយតប លោក សុខ វាសនា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ បានផ្តល់ការយកចិត្តទុកដាក់ និងការសម្រួលដល់ជនបរទេសទូទៅ ក៏ដូចជាពលរដ្ឋអង់គ្លេស ដែលកំពុងជាប់គាំងនៅក្នុងប្រទេសកម្ពុជា ដោយវិបត្តិជំងឺកូវីដ-១៩នេះ»។
លោកក៏បានអះអាងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពលំអិត ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។
នាឱកាសនោះដែរ អគ្គនាយករងអន្តោប្រវេសន៍ និងឯកអគ្គរាជទូតអង់គ្លេស ស្តីទី ក៏បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរ និងជិតស្និទ្ធថែមទៀត៕