ព័ត៌មានអន្តរជាតិ

កាតា នឹងធ្វើប្រតិបត្តិការជើងយន្តហោះ ផ្តល់ជំនួយជារៀងរាល់ថ្ងៃទៅ អាហ្វហ្គានីស្ថាន

បរទេស៖ ប្រទេសកាតា នាពេលថ្មីៗនេះ បានបញ្ជូនជំនួយមនុស្សធម៌តាមយន្តហោះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជើងយន្តហោះផ្តល់ជំនួយជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ដោយផ្តល់ឲ្យនូវគ្រឿងផ្គត់ផ្គង់ដែលចំាបាច់ខ្លាំង ក្រោយការខ្វះខាតជំនួយពីលោកខាងលិច ដោយសារតែការដណ្ដើមអំណាចរបស់ពួកតាលីបង់ កាលពីខែមុន។


ប្រទេសកាតា បានបង្ហាញខ្លួនជាអន្តរការីដ៏សំខាន់មួយ រវាងបណ្ដាប្រទេសលោកខាងលិចនិងពួកតាលីបង់ ក្រោយវិវត្តចំណងមិត្តភាពជិតស្និទ្ធជាមួយក្រុមពួកសកម្មប្រយុទ្ធនោះ តាមរយៈផ្តល់ទីតាំងធ្វើជាការិយាល័យនយោបាយរបស់ពួកតាលីបង់ នៅក្នុងប្រទេសកាតា ចាប់តាំងពីឆ្នាំ២០១៣មក។


ក្រសួងការបរទេសកាតា បាននិយាយថា ជើងយន្តហោះជំនួយរបស់កាតាមួយគ្រឿង ដែលផ្ទុកគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងផលិតផលស្បៀងអាហារ បានទៅដល់ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយឯកអគ្គរាជទូតកាតាប្រចាំនៅអាហ្វហ្គានីស្ថាន លោក Saeed bin Mubarak Al Khayareen បានទៅទទួលនៅព្រលានយន្តហោះ នៅពេលដែលជំនួយទៅដល់។


គួរបញ្ជាក់ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ បាននិយាយនៅចុងខែមុនថា ពាក់កណ្ដាលនៃប្រជាជនអាហ្វហ្គានីស្ថាន៤០លាននាក់ រួមមានទាំងកុមារ១០លាននាក់ផងនោះ ត្រូវការជំនួយមនុស្សធម៌ នៅដើមឆ្នាំនេះ និងបានបន្ថែមថា តម្រូវការដ៏ចាំបាច់នេះ ត្រូវបានគេរំពឹងថានឹងកើតឡើង៕


ប្រែសម្រួល៖ប៉ាង កុង

To Top